ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនបុរសម្នាក់នៅខេត្តបាត់ដំបង ក្រោយប្រើគណនីហ្វេសប៊ុកជេរប្រមាថថ្នាក់ដឹកនាំ

    BY Khmernote Media March 30, 2021
    ឃាត់ខ្លួនបុរសម្នាក់នៅខេត្តបាត់ដំបង ក្រោយប្រើគណនីហ្វេសប៊ុកជេរប្រមាថថ្នាក់ដឹកនាំ

    ខេត្តបាត់ដំបង៖ តាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនសាធារណជនជាពិសេសបងប្អូននិយមប្រើប្រាស់បណ្តាញសង្គមជ្រាបថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ មានគណនីហ្វេសប៊ុកឈ្មោះ បូ រី បង្ហោះរូបភាពសម្តេចតេជោ នាយកដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានសរសេរខ្លឹមសារ ភ្ជាប់នៅលើរូបភាពផង ដោយបានជេរប្រមាថមាក់ងាយយ៉ាងធ្ងន់ធ្ងរចំពោះសម្តេចដែលជាថ្នាក់ដឹកនាំប្រទេស។

    ពិនិត្យឃើញភ្លាមលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានស្នើសុំការអនុញ្ញាតពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្ត ។ ដោយបានការអនុញ្ញាតពីឯកឧត្តមព្រះរាជអាជ្ញា នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ លោកវរសេនីយ៍័ឯក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទ័ណ្ឌ រួមជាមួយលោកឧត្តមសេនីយ៍ត្រី មៀន ឡាយ ស្នងការរងទទួលផែនការងារសន្តិសុខ បានរួមគ្នាជាមួយក្រុមការងារប្រតិកម្មរហ័សនៃ ស្នងការដ្ឋាន និងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដែលមានលោកវរសេនីយ៍ទោ ហេង បារាំង ជាអធិការ ធ្វើការស្រាវជ្រាវជាបន្ទាន់ រហូតឈានទៅកំណត់និងរកឃើញម្ចាស់គណនីហ្វេសប៊ុកឈ្មោះ បូ រី និងត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋាន នគរបាលស្រុកដើម្បីធ្វើការសាកសួរស្រាវជ្រាវ។ ម្ចាស់គណនីហ្វេសប៊ុកខាងលើ មានឈ្មោះពិតគឺ ហួន បូរី ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅ ភូមិគគីរ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

    នៅចំពោះមុខសមត្ថកិច្ចគាត់បានសារភាពថា រូបគាត់ពិតជាបាន ប្រើប្រាស់រូបភាពនិងសរសេរខ្លឹមសារប្រមាថមាក់ងាយចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាប្រាកដមែននៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ហើយក្រោយការសរសេរបង្ហោះតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក៏ត្រូវបានសមត្ថកិច្ចស្វែងរកគាត់ឃើញនិងនាំខ្លួនមកសាកសួរ។

    នៅពេលនេះសមត្ថកិច្ចនគរបាលកំពុងរៀបចំសំ ណុំរឿងបញ្ជូនបុរសជាម្ចាស់គណនីហ្វេសប៊ុកខាងលើ ទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

    Share This Post: