ចោរថ្លើមធំចូលផ្ទះកូនស្រីឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី លួចយកលុយសុទ្ធ គ្រឿងពេជ្រ ទូរស័ព្ទដាំពេជ្រ និងទ្រព្យសម្បត្តិ សរុបជិត១០ម៉ឺនដុល្លារ រួចគេចខ្លួនបាត់ដោយសុវត្ថិភាពនៅខណ្ឌជ្រោយចង្វារ
រាជធានីភ្នំពេញ៖ ចោរថ្លើមធំចូលលួចយកលុយសុទ្ធ,គ្រឿងអលង្ការពេជ្រ, ទូរស័ព្ទ iPhone ដាំពេជ្រ និងទ្រព្យសម្បត្តិមួយចំនួនធំទៀត សរុបជាទឹកប្រាក់ជិត ១០ម៉ឺនដុល្លារ ពីក្នុងផ្ទះកូនស្រីរបស់លោកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី ហើយគេចខ្លួនបាត់ បន្សល់ភិនភាគដែលចូលធ្វើសកម្មភាព ឡើងផ្លោះរបងបន្លាលួស ចូលផ្ដាច់ខ្សែភ្លើងដែលភ្ជាប់កាមេរ៉ាសុវត្ថិភាពខាងមុខផ្ទះ ហើយចូលទៅដោះខ្ចៅកញ្ចក់ទ្វារចេញបានយ៉ាងស្ទាត់ជំនាញ រួចបើកទ្វារចូលក្នុងធ្វើសកម្មភាពយ៉ាងងាយស្រួល ។

ហេតុការណ៍ចោរគាស់ផ្ទះនេះបានកើតឡើងកាលពីម៉ោង០៣៖០៣នាទីទាបភ្លឺ ឈានចូលថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១នេះ នៅចំណុចផ្ទះលេខ១១៥F ផ្លូវម៉ាស៊ីនទឹក ជិតផ្លូវភ្លោះ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានបានឲ្យក្រុមការងារខ្មែរណូតដឹងថា សម្ភារនិងទ្រព្យសម្បត្តិមានតម្លៃដែលចោរលួចយកទៅបាត់មានដូចជា៖ លុយដុល្លារ ៧ពាន់ដុល្លារ និងលុយខ្មែរជាង ៧លានរៀល, កាបូបតម្លៃ ជាង២ពាន់ដុល្លារ ចំនួន១, គ្រឿងអលង្ការ ខ្សែកពេជ្រចំនួន១ តម្លៃប្រហែល ០៦ម៉ឺនដុល្លារ, ទូរស័ព្ទដៃចំនួន២គ្រឿង (ម៉ាក iPhone X ១គ្រឿង និងម៉ាក iPhone ដាំពេជ្រ តម្លៃជាង១ម៉ឺនដុល្លារ ១គ្រឿង), ហើយទូរស័ព្ទដែលចោរលួចយកទៅមានគណនីយ ABA និង ACLEDA និងកាតធនាគារចំនួន ៣ទៀត ។
បើតាមសម្ដីបងស្រីម្ចាស់ផ្ទះឈ្មោះ ម៉ុង សុធា ដែលគេស្គាល់ថា ជាកូនស្រីបង្កើតរបស់លោកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី បានបង្ហោះរៀបរាប់លើហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះ “Mong Sothea” ដែលមានខ្លឹមសារទាំងស្រុងថា “យប់ម៉ិញចោរបានចូលផ្ទះខ្ញុំយកកាបូបលុយ ទូរសព្ទ័2គ្រឿង ខ្សែរក បើឃើញចោរវាយកខ្សែក កាបូប និងទូរសព្ទ័ដូចរូបខាងក្រោមជួយរាយការណ៍ឲ្យជាបន្ទាន់ (នេះជារូបចោរដែលបានចូលផ្ទះសូមប្រយត្ន័ទាំងអស់គ្នា)*** សុំជួយស៊ែរតគ្នាផងដើម្បីចែករំលែកនិងមានការប្រុងប្រយត្ន័ ។
សូមបញ្ជាក់ថា មិនថាអ្នករស់នៅក្នុងបុរី ឬផ្ទះវីឡាធំ ស្កឹមស្កៃ ដែលបាន ត្អូញត្អែរ ប្រាប់ក្រុមការងារខ្មែរណូតយើងថា ទ្វារ ឬបង្អួចដែកប្រភេទចាប់ខ្ចៅដាក់កញ្ចក់ខាងក្រៅ នេះ គ្មានស្តង់ដារទេ បើយើងមិនបានត្រួតពិនិត្យមើលវា ដែលទ្វារនិងបង្អួចប្រភេទនេះគឺចោរ តែងធ្វើសកម្មភាពដោះចេញបានយ៉ាងងាយស្រួល ៕










ដោយ៖ បងម៉េង ខ្មែរណូត