កាច់សោរ.កម៉ូតូគេបាន ហើយជិះរត់ តែត្រូវសមត្ថកិច្ច រួមជាមួយអ្នកសារព័ត៌មានជាច្រើន ប្រដេញតាមពីក្រោយ រហូតក្របួចចាប់ជាប់
រាជធានីភ្នំពេញ៖ ជើងខ្លាំងខាងប្រដេញ P1-ពេលរាត្រី បាត់មុខយូរ ត្រលប់មកជួយចាប់ចោរទៀតហើយ គ្រាន់តែឃើញជនសង្ស័យដែលធ្វើសកម្មភាពកាច់.ក ម៉ូតូម៉ាកហុងដាឌ្រីម ១គ្រឿង ពាក់ស្លាកលេខព្រៃវែង 1M-7414 ចេញពីបន្ទប់ផ្ទះជួលមួយកន្លែង ទល់មុខមន្ទីរពេទ្យរស្ស៊ី សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ឆ្លងកាត់ខណ្ឌចំការមន ដោយមានបងប្អូនអ្នកសារព័ត៌មានជាច្រើន ជួយដេញតាមពីក្រោយ រហូតមកដល់ចំណុចជិតស្តុបមេភ្លើង ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ទើបធាក់ឲ្យដួលហើយចាប់ក្របួចបានតែម្ដង កាលពីវេលាម៉ោង ២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ។

ជនរងគ្រោះមានឈ្មោះ តាន់ ថុន ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅបន្ទប់ជួល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ ជី ចៅ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់ នៅម្តុំជ្រោយចង្វារ។ ចំណែកបក្ខពួក ២នាក់ទៀត បានជិះម៉ូតូឌុបគ្នាគេចខ្លួនបាត់អស់ហើយ។
បើតាមសម្ដីបុរសអតីតជើងខ្លាំងខាងប្រដេញ “រហ័សនាម P1” បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតថា នៅមុនពេលកើតហេតុ គាត់បានឃើញជនសង្ស័យចំនួន ៣នាក់ ជិះម៉ូតូឌុបគ្នាមកទម្លាក់បក្ខពួក២នាក់ដើរចូលក្នុងផ្ទះកើតហេតុមួយសន្ទុះក្រោយមក ក៏ចេញមកវិញ ដោយមានអាការៈ គួរអោយសង្ស័យ ហើយជនសង្ស័យម្នាក់ក៏ដើរចូលទៅក្នុងហើយ ចេញមកវិញ បណ្ដើរម៉ូតូឌ្រីមសង់មួយគ្រឿងចេញមក តែមើលទៅដូចជាមិនមានសោរ ហើយបណ្ដើរចេញបានបន្តិចក៏បញ្ឆេះជិះចេញទៅ ទើបច្បាស់ថាជាចោរ ពេលនោះគាត់ក៏បានជិះម៉ូតូដេញតាមតែម្ដង ដោយបានបោះដៃតាមវិទ្យុទាក់ទង (ID) ប្រាប់ទៅសមត្ថកិច្ចនគរបាលខណ្ឌចំការមន ចេញជួយអន្តរាគមន៍ តែជនសង្ស័យមិនព្រមឈប់ឡើយ កាន់តែបុកលេខ សាងលេខបន្ថែមល្បឿន ជិះរត់គេចខ្លួន ចូលដល់ខណ្ឌបឹងកេងកង ហើយបត់ចុះបត់ឡើងបង្កជាការភ្ញាក់ផ្អើលលឺដល់បងប្អូនអ្នកសារព័ត៌មានយើងជាច្រើននាក់ ដែលប្រចាំការ តាមគោលដៅចេញជួយគ្នា សហការជាមួយកម្លាំងនគរបាលខណ្ឌបឹងកេងកង ជួយដេញតាមពីក្រោយ រហូតមកដល់ចំណុចជិតស្តុបមេភ្លើង ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ទើបធាក់ឲ្យដួលហើយចាប់ក្របួចបានតែម្ដង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ នាំយកទៅធ្វើការសាកសួរ និងកសាងសុំណំរឿង ចាត់ការតាមនិតីវិធីច្បាប់ ដោយមានជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍ផងដែរ ៕












ដោយ៖ បងម៉េង ខ្មែរណូត