សមត្ថកិច្ចចុះបង្ក្រាប ក្រោយទទួលដំណឹងពីប្រជាពលរដ្ឋថា “មានមនុស្សជុំគ្នាលេងបាល់ទះ និងផឹកស្រាច្រៀងខារ៉ាអូខេ ស្ទើររៀងរាល់ថ្ងៃ”
ខេត្តកណ្ដាល៖ តាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សូមធ្វេីការឆ្លេីយតបជូនសាធារណជន និងម្ចាស់គណនីហ្វេសបុកសុំមិនបញ្ចេញឈ្មោះ ដែលបានផ្ញេីសារក្នុងប្រអប់សារផេកហ្វេសបុកស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា៖ សូមជម្រាបលោកពូ ទីតាំងលេងបាល់ទះគឺចន្លោះម៉ោង ៣ ដល់ម៉ោង ៦ល្ងាច ជារៀងរាល់ថ្ងៃ។ ចំណែកកន្លែងដែលមានការជួបជុំគ្នាផឹកស្រាច្រៀងខារ៉ាអូខេជាពិសេសគឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ហើយក៏ខ្ញុំមិនស្គាល់ឈ្មោះរបស់ពួកគាត់ដែរ ។ ទីតាំង ភូមិត្រយឹង (ដីឡូត៍ខាងកើតភូមិឈាងជើង) ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ក្រោយពីទទួលបានព័ត៌មាននេះបានភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដោយមានការបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានបញ្ជាកម្លាំងចុះស្រាវជ្រាវករណីខាងលើ។
ជាលទ្ធផល៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៨៖០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេីក សហការជាមួយអាជ្ញាធរមូលដ្ឋាន ពិនិត្យលេីករណីនេះ ឃើញថា មានមនុស្សមួយក្រុម០៦នាក់ ប្រុស (អ្នកលេងនិងអង្គុយមេីល) អាយុចន្លោះពី១៤ទៅ១៦ឆ្នាំ នាំគ្នាលេងកីឡាបាល់ទះ (លេងកម្សាន្ត ពុំមានការភ្នាល់ដាក់លុយនោះទេ) នៅលេីដីឡូត៍ទំនេរមួយកន្លែង ស្ថិតនៅភូមិត្រយឹង ឃុំពេីក ស្រុកអង្គស្នួល ខេត្តកណ្តាល ហើយពុំមានការផឹកស្រាច្រៀងខារ៉ាអូខេនោះទេ។ ពេលចុះទៅដល់កម្លាំងសមត្ថកិច្ចបានធ្វេីការអប់រំណែនាំដល់ពួកគាត់ ផ្អាកការជួបជុំជាបណ្តោះអាសន្ន រក្សាគម្លាតសុវត្ថិភាពសង្គម កាតព្វកិច្ចនៃការពាក់ម៉ាស់ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ។
ទិសដៅបន្ត កម្លាំងប៉ុស្តិ៍សហការជាមួយអាជ្ញាធរភូមិ-ឃុំ ចុះផ្សព្វផ្សាយអប់រំ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្តីពីភូមិ-ឃុំមានសុវត្ថិភាព ការផ្សព្វផ្សាយច្បាប់នានា ពាក់ព័ន្ធការទប់ស្កាត់បង្ការជំងឺកូវីដ-១៩ ។ អាស្រ័យហេតុនេះ សូមសាធារណជនដែលប្រេីប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប ៕



ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province