ព័ត៌មានជាតិ

ក្រសួងសុខាភិបាល បង្ហាញពីត្រណមមួយចំនួន ដើម្បីធានាប្រសិទ្ធភាពខ្ពស់នៃវ៉ាក់សំាងកូវីដ-១៩

BY
Khmernote Media
April 6, 2021

ភ្នំពេញ ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបង្ហាញពីត្រណមមួយចំនួនមុននិងក្រោយពេលចាក់វ៉ាក់សាំង ដើម្បីឱ្យវ៉ាក់សាំងកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស មានប្រសាសន៍ថា ចំពោះដំណមដែលត្រូវតមមុននិងក្រោយពេលចាក់វ៉ាក់សាំងកូវីដ-១៩ មានពីរចំណុច គឺសុរា និងគ្រឿងហឹរ។ លោកជំទាវបញ្ជាក់ថា ការតមបានចំណុចទំាងអស់នេះគឺ ដើម្បីទុកពេលឱ្យសរីរាង្គរបស់យើងឆ្លើយតបជាមួយវ៉ាក់សាំង និងទុកពេលឱ្យវ៉ាក់សាំងធ្វើការងារនៅក្នុងសរីរាង្គរបស់យើង ដើម្បីបង្កើតបាននូវអង្គបដិបក្សសម្រាប់ប្រឆាំងជាមួយនឹងកូវីដ-១៩។

« និយាយអំពីសំនួរជាច្រើនដែលថាក្រោយចាក់ហើយតើត្រូវតមអ្វី? អាហ្នឹងខ្ញុំទទួលបានច្រើនណាស់ ខ្ញុំសូមជម្រាបជូនថា ទីមួយសុរា ព្រោះសុរាដាច់ខាតហើយ មុនចាក់ពីរបីថ្ងៃក៏ត្រូវតមនៅពេលចាក់រហូតដល់ដូសទី២ ក៏ត្រូវតម ក្រោយចាក់ដូសទី២ ក៏ត្រូវតមយ៉ាងតិចពី២សប្តាហ៍ទៅ៣សប្តាហ៍ទៀតដើម្បីទុកពេលឱ្យសរីរាង្គរបស់យើងឆ្លើយតបនឹងវ៉ាក់សាំង ទុកពេលឱ្យវ៉ាក់សាំងធ្វើការងារនៅក្នុងសរីរាង្គរបស់យើង ដើម្បីបង្កើតបាននូវអង្គបដិបក្សសម្រាប់ប្រឆាំងជាមួយនឹងកូវីដ-១៩ ពីព្រោះស្រានេះចូលទៅយើងដឹងហើយទាំងអស់គ្នាអ្វីក៏សាបដែរ ដាក់ចូលទៅគឺសាបទាំងអស់ ។

ចំណុចទីពីរគ្រឿងហឹរនេះ ការណែនាំកន្លងមកហឹរតិចតួច គឺមិនមានបញ្ហាអ្វីទេ តែកុំឱ្យហឹរខ្លាំង អ៊ីចឹងសូមមេត្តាបន្ថយហូបតិចៗនៅក្នុងអំឡុងពេលទុកពេលឱ្យសរីរាង្គរបស់យើងទទួលយកហើយឆ្លើយតបទៅនឹងវ៉ាក់សាំងនេះឱ្យបានល្អប្រសើរ ។ ដោយឡែកបញ្ហារឿងតមគ្រឿងសមុទ្រ តែអ្នកដែលមានបញ្ហាប្រតិកម្មទៅនឹងគ្រឿងសមុទ្រទេ ពីព្រោះអ្នកខ្លះគាត់អាឡេកស៊ីទៅលើគ្រឿងសមុទ្រអ៊ីចឹង បើគាត់ចាក់វ៉ាក់សាំងហើយគាត់ទៅពិសាគ្រឿងសមុទ្រអ៊ីចឹងធ្វើឱ្យគាត់ប្រតិកម្ម ហើយដល់ពេលប្រតិកម្ម មិនថាមកពីគ្រឿងសមុទ្រ គាត់ថាមកពីវ៉ាក់សាំង អ៊ីចឹងចាំបាច់អ្នកដែលដឹងខ្លួនថាមានអាឡេកស៊ីជាមួយគ្រឿងសមុទ្រ ក្រោយចាក់វ៉ាក់សាំងហើយ គឺត្រូវតម ពីព្រោះវាអាចជាបញ្ហាមួយដែលធ្វើឱ្យមានការភាន់ច្រឡំទៅលើបញ្ហានេះហើយក៏អាចប៉ះពាល់ទៅលើសុខភាពរបស់គាត់ដែរប្រសិនបើអាលេកស៊ីនេះវាកើតឡើងដោយសារគ្រឿងសមុទ្រ អញ្ចឹងខ្ញុំបញ្ជាក់ថាអ្នកដែលតមគ្រឿងសមុទ្រនេះសម្រាប់អ្នកដែលមានប្រតិកម្មជាមួយគ្រឿងសមុទ្រទេ»។

សូមបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្ន កម្ពុជាមានវ៉ាក់សាំងចំនួន៣ប្រភេទ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ រួមមាន៖ វ៉ាក់សាំងស៊ីណូហ្វាម ជំនួយរបស់រដ្ឋាភិបាលចិន, វ៉ាក់សាំងស៊ីណូវ៉ាក់បានបញ្ជាទិញពីក្រុមហ៊ុនចិន និងវ៉ាក់សាំងអាស្ត្រាហ្សេនីកាដែលជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភលោក។

គិតចាប់ពីថ្ងៃទី០១ ដល់ទី០៤ ខែមេសា ឆ្នាំ២០២១ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានចាក់វ៉ាក់សាំងសរុបទាំងបីមុខ បានចំនួន ៤១៨.៥៦៩នាក់ហើយ ៕

Share This Post: