ល្ងាចមិញនេះ អភិបាលខណ្ឌឬស្សីកែវ ចុះបើកទីតាំងធ្វើចត្តាឡីស័កផ្ទះរបស់ តារាចម្រៀងសួស វីហ្សា និងបើកទីតាំង១ ទៀត ក្រោយបានអនុវត្តត្រឹមត្រូវតាមវិធានសុខាភិបាល
យោងតាមការបញ្ជាក់ពីលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងថា រដ្ឋបាលខណ្ឌប្ញស្សីកែវ បើកទីតាំងធ្វើចត្តាឡីស័ក ផ្ទះរបស់ តារាចម្រៀងផលិតកម្មហង្សមាស សួស វីហ្សា និង បើក ០១ទីតាំងទៀត ក្រោយបានអនុវត្តត្រឹមត្រូវតាមវិធានសុខាភិបាល។ រសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌប្ញស្សីកែវ ដឹកនាំដោយ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌ រួមដំណើរដោយ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ និងមន្ត្រីពាក់ព័ន្ធ បានចុះបើកដំណើរឡើងវិញនូវទីតាំងដែលបានធ្វើចត្តាឡីស័ក ចំនួន ០២ កន្លែង នៅក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ មានដូចតទៅ ៖

១- ទីតាំងផ្ទះរបស់ អ្នកនាង សួស ស្រីផល ហៅ សួស វីហ្សា តារាចម្រៀងប្រចាំផលិតកម្មហង្សមាស ស្ថិតនៅផ្ទះលេខ១៨ ផ្លូវលេខP១១ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
២- ទីតាំង ស្ថិតនៅបុរីវិមានភ្នំពេញ (សាខាស្វាយប៉ាក) ផ្ទះលេខ18G ផ្លូវលេខ១០៨ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទីតាំងទាំងពីរខាងលើនេះ ត្រូវបានអនុញ្ញាតអោយបើកដំណើរការឡើងវិញក្រោយពីបានបញ្ចប់ការអនុវត្តដោយត្រឹមត្រូវតាមវិធានសុខាភិបាល៕
