ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តកំពង់ធំ រកឃើញបុរសម្នាក់រស់នៅភូមិស្រះសំបួរ ឃុំពង្រ មានវិជ្ជមានជំងឺកូវីដ១៩ និងមានអ្នកប៉ះពាល់ផ្ទាល់ចំនួន០៤នាក់ទៀត

    BY Khmernote Media April 9, 2021
    រដ្ឋបាលខេត្តកំពង់ធំ រកឃើញបុរសម្នាក់រស់នៅភូមិស្រះសំបួរ ឃុំពង្រ មានវិជ្ជមានជំងឺកូវីដ១៩ និងមានអ្នកប៉ះពាល់ផ្ទាល់ចំនួន០៤នាក់ទៀត

    ខេត្តកំពង់ធំ៖ តាមសារលិខិតរបស់ រដ្ឋបាលខេត្តកំពង់ធំ បានឲ្យដឹងថា រដ្ឋបាលខេត្តកំពង់ធំ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ លើបុរសម្នាក់ឈ្មោះ ឃីម សុប៉ិន អាយុ២០ឆ្នាំ រស់នៅភូមិស្រះសំបួរ ឃុំពង្រ ស្រុកតាំងគោក និងមានអ្នកប៉ះពាល់ផ្ទាល់ចំនួន០៤នាក់ បាននឹងកំពុងដាក់ឱ្យធ្វើចត្តាឡីស័ក។

    ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ រដ្ឋបាលខេត្ត បានចុះធ្វើការស្រាវជ្រាវ និងរកឃើញថាបុរសដែលមានវិជ្ជមានជំងឺកូវីដ១៩នេះ ជាជាងធ្វើតុទូ នៅផ្ដុំផ្សារត្រពាំងខ្លឹង និងស្នាក់នៅបន្ទប់មានគ្នា០៣នាក់ ជាមួយនឹងស្ត្រីម្នាក់ដែលរកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃ០៥ ខែមេសា ឆ្នាំ២០២១។ នៅថ្ងៃទី០៥ ខែមេសានេះដែរ ដោយមិនបានដឹងថាស្ត្រីរស់នៅបន្ទប់ជាមួយគ្នាមានវិជ្ជមានកូវីដ១៩ ឈ្មោះឃឹម សុប៉ិន បានធ្វើដំណើរដោយម៉ូតូផ្ទាល់ខ្លួនមកស្រុកកំណើត ដោយបានឈប់ចាក់សាំងនៅម្តុំផ្សារដីហុយ ហើយពេលមកដល់ផ្ទះ គាត់មិនបានចេញទៅក្រៅណាទេ ក្រៅពីសិ្នទ្ធស្នាលជាមួយម្ដាយ បងស្រី និងក្រុមគ្រួសារ ចំនួន០៤នាក់។

    អ្នកពាក់ព័ន្ធដោយផ្ទាល់ទាំង០៤នាក់ ខាងលើនេះត្រូវបានឲ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យកំពង់ធំ និងបានសំណាកបញ្ជូនទៅវិទ្យាល័យប៉ាស័្ទរដោយទទួលបានលទ្ធផលអវិជ្ជមាន(លើកទី១)។

    អាស្រ័យដូចនេះ សូមបងប្អូនប្រជាពលរដ្ឋបង្កើនប្រុងប្រយ័ត្ន និងបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធាន “៣ការពារ និង៣កុំ” និងវិធានការសុខាភិបាលផ្សេងទៀត ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ចំពោះក្រុមគ្រួសារ និងសង្គមជាតិទាំងមូល ៕

    ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

    Share This Post: