សម្តេចតេជោ ហ៊ុន សែន ស្នើដល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយស្ថាប័នតុលាការ ធ្វើការកាត់ទោសជាចាំបាច់ ចំពោះជនណាដែលធ្វើចត្តាឡីស័កមិនបានត្រឹមត្រូវ
នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសទាក់ទងនឹងស្ថានភាពជំងឺកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជា។ ថ្លែងសារពិសេសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យធ្វើការត្រួតពិនិត្យយ៉ាងម៉ត់ចត់ចំពោះអ្នកធ្វើចត្តាឡីស័ក កុំឲ្យចេញក្រៅកន្លែងចត្តាឡីស័ក និងត្រូវអនុវត្តច្បាប់ជាចំបាច់។

សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើដល់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយស្ថាប័នតុលាការ ដើម្បីធ្វើការកាត់ទោសអ្នកធ្វើចត្តាឡីស័កមិនបានត្រឹមត្រូវ។ សម្តេចតេជោ ក៏មានប្រសាសន៍ទៀតថា ឲ្យរៀបចំសំលៀកបំពាក់ការពារខ្លួនសម្រាប់ចៅក្រម អ្នកត្រូវយកមកកាត់ទោស និងនគរបាល ដើម្បីស្លៀកពាក់ធ្វើការកាត់ទោសជាចាំបាច់ ចំពោះអ្នកបំពានលើករណីកូវីដ។ សម្តេចតេជោ បញ្ជាក់ទៀតថា ចំពោះអ្នកធ្វើចត្តាឡីស័ក បើរកឃើញថាមានវិជ្ជមានកូវីដ១៩ទៀត ត្រូវដាក់ទោសទៅតាមច្បាប់ដែលយើងមាន ត្រូវធ្វើឲ្យបានម៉ត់ចត់៕
