ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខេត្តសៀមរាបរកឃើញអ្នកពាក់ព័ន្ធ និងដាក់ចត្តាឡីស័ក មនុស្ស១៩នាក់ ដែលពាក់ព័ន្ធនឹងស្ត្រីមានវិជ្ជមានជំងឺកូវីដ-១៩ កាលថ្ងៃម្សិលមិញ

    BY Khmernote Media April 10, 2021
    ខេត្តសៀមរាបរកឃើញអ្នកពាក់ព័ន្ធ និងដាក់ចត្តាឡីស័ក មនុស្ស១៩នាក់ ដែលពាក់ព័ន្ធនឹងស្ត្រីមានវិជ្ជមានជំងឺកូវីដ-១៩ កាលថ្ងៃម្សិលមិញ

    នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានក្រុង-ស្រុក ឃុំ-សង្កាត់ នៃខេត្តសៀមរាប បានរកឃើញអ្នកពាក់ព័ន្ធចំនួន ១៩នាក់ ដែលបានជិះរថយន្តក្រុង ជាមួយស្ត្រីវ័យ ៤៦ឆ្នាំ មានវិជ្ជមានជំងឺកូវីដ-១៩ ហើយ នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប។

    ការចុះផ្សាយដដែលនេះ បញ្ចាក់ថា សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់លំនៅដ្ឋានអ្នកពាក់ព័ន្ធទាំង១៩នាក់នោះ និងបានណែនាំដល់ពួកគាត់ឲ្យធ្វើចត្តាឡីស័ក ដោយដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីអ្នកដទៃ និងត្រៀមបន្តយកសំណាកមកធ្វើតេស្តរកជំងឺ-១៩ នៅព្រឹកថ្ងៃទី១០ ខែមេសានេះ។

    គួរជម្រាបថា តាមចុះផ្សាយរបស់រដ្ឋបាលខេត្តកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ស្ត្រីឈ្មោះ ចាប នី វ័យ៤៦ឆ្នាំ រស់នៅភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី នៅយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១។ ស្ត្រីរូបនេះ បានចាកចេញពីខេត្តស្វាយរៀង ឆ្លងកាត់រាជធានីភ្នំពេញ ឆ្ពោះមកកាន់ខេត្តសៀមរាប កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ តាមរយៈរថយន្តក្រុង ស្លាកលេខ 3D-9211 រួមនិងអ្នកដំណើរ១៩នាក់ផ្សេងទៀត។ ជាមួយនោះ រដ្ឋបាលខេត្ត បានសម្រេចចាត់វិធានការបិទទីតាំងមួយចំនួនក្នុងក្រុង រួមមាន៖ ផ្សារភូមិភាគ៤ ស្ថិតភូមិខ្វៀន សង្កាត់គោកចក មន្ទីរសម្រាកព្យាបាល ឆាយ លាង ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប និងទីតាំងមួយចំនួន ដែលនឹងជូនដំណឹងនាពេលបន្ទាប់៕

    ប្រភព៖ នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស
    អត្ថបទ៖ លោក សេង ផល្លី
    រូបភាព៖ រដ្ឋបាលខេត្តសៀមរាប កែសម្រួលដោយ លីវ សុខុន!!!

    Share This Post: