កម្លាំងនគរបាលចរាចរណ៍ឃាត់រថយន្ត Starex មួយគ្រឿង ដែលពុំមានលិខិតបញ្ជាក់ បើកបរក្នុងម៉ោងហាមឃាត់ ល្មើសនឹងបំរាមគោចរ ក្នុងខណ្ឌដូនពេញ
រាជធានីភ្នំពេញ៖ ដូចដែលបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកប្រាកដជាបានជ្រាប អំពីបម្រាមគោចរថ្មី ដែលចេញដោយ រដ្ឋបាលរាជធានីភ្នំពេញ ស្តីអំពីការផ្អាកចរាចរណ៍ រួមទាំសកម្មភាពអាជីវកម្ម និងការប្រមូលផ្តុំនានា នៅក្នុងភូមសិសាស្រ្តរាជធានីភ្នំពេញ រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង៨យប់រហូតដល់ម៉ោង៥ភ្លឺ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ។

ជាមួយគ្នានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើមាននរណាម្នាក់ នៅតែរឹងទទឹងបំពានលើបំរាមគោចរនេះ អាជ្ញាធរត្រូវតែឃាត់យានយន្ដរបស់ពួកគេ ទៅរក្សាទុកនៅសាលាខណ្ឌឬអធិការដ្ឋានខណ្ឌ រយៈពេល១៤ថ្ងៃសិន ខណៈម្ចាស់ត្រូវធ្វើចត្ដាឡីស័កនៅផ្ទះ ទើបប្រគល់ជូនវិញ។
កម្លាំងនគរបាលចរាចរណ៍ក្រុងបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នាយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ គិតចាប់ពីវេលាម៉ោង២០យប់ ដល់ម៉ោង០៥ភ្លឺ កម្លាំងការិយាល័យ នគរបាលចរាចរណ៍ជើងគោក នៃស្នងការរាជធានីភ្នំពេញ សហការជាមួយកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបន្តអនុវត្តវិធានការដ្ឋបាលជាបណ្តោះអាសន្តរយៈពេល១៤ថ្ងៃ (២សប្ដាហ៍) ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅចំណុចគោលដៅ ស្តុបបេកាសេ ផ្លូវព្រះមុនីវង្ស កែងផ្លូវ សហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
នគរបាលចរារណ៍ក្រុងបន្តទៀតថា ជាលទ្ធផលត្រួតពិនិត្យនៅពេលយប់នេះ គឺសមត្ថកិច្ចបានឃាត់រថយន្តចំនួន ០១គ្រឿង ពុំមានឯកសារត្រឹមត្រូវ ដែលល្មើសបំរាមគោចរ ធ្វើដំណើរក្នុងម៉ោងហាមឃាត់ យកទៅធ្វើការអប់រំណែនាំ រួចធ្វើកំណត់ហេតុប្រគល់ជូនខាង សមត្ថកិច្ចមូលដ្ឋានខណ្ឌដូនពេញ យកទៅរក្សាទុកនៅអធិកាដ្ឋាននគរបាលខណ្ឌដូនពេញជាបណ្តោះអាសន្ន ចំពោះមនុស្សគឺបានអប់រំ រួចអនុញ្ញាតឱ្យទៅលំនៅឋានវិញ ៕









ដោយ៖ បងម៉េង ខ្មែរណូត