ខណៈទេវតាចុះនាទាបភ្លឺនេះ ភ្លើងឆេះផ្ទះលក់គ្រឿងទេស បំផ្លាញសម្ភារៈនិងរបស់មានតម្លៃសរុបជាង១ម៉ឺនដុល្លារ នៅខណ្ឌពោធិ៍សែនជ័យ
រាជធានីភ្នំពេញ ៖ ខណៈពេលប្រជាពលរដ្ឋនៅតាមភូមិដ្ឋាននានាទូទាំងព្រះរាជាណាចក្រកម្ពុជាយើង កំពុងរៀបចំទទួលទេវតាឆ្នាំថ្មី ស្រាប់តែមានអគ្គិភ័យមួយបានឆាបឆេះផ្ទះលក់គ្រឿងទេសយ៉ាងសន្ធោរសន្ធៅ បង្កការភ្ញាក់ផ្អើលដល់អាជ្ញាធរនិងសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចេញជួយអន្តរាគមន៍បាញ់ពន្លត់បានទាន់ពេលវេលា ។

ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង០៣:៤០នាទីទាបភ្លឺ ឈានចូលថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១នេះ នៅចំណុចផ្ទះលក់គ្រឿងទេសមួយកន្លែង ដែលមានទីតាំងស្ថិតនៅជិតស្តុបទំនប់កប់ស្រូវ ក្នុងភូមិក្រាំងស្វាយ សង្កាត់ចោមចៅទី៣ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើយោងតាមរបាយការណ៍របស់មន្ត្រីនគរបាលពន្លត់អគ្គិភ័យការិយាល័យបង្ការនិងពន្លត់អគ្គិភ័យនៃស្នងការក្រុង បានឲ្យក្រុមការងារខ្មែរណូតដឹងថា ឈ្មោះ ភោគ ធារី ភេទស្រី អាយុ៤១ឆ្នាំ មុខរបរលក់គ្រឿងទេស ចំពោះមូលហេតុ គឺឆ្លងចរន្តអគិ្គសនី ។ ផ្ទះកើតហេតុជាប្រភេទសំណង់ៈ ថ្មបេតុងផ្ទះ (ទំហំ០៥ម៉ែត្រ x ១០ម៉ែត្រ) ខូចខាត (ទំហំ០៣ម៉ែត្រ × ០៣ម៉ែត្រ) និងខូចខាតសំភារៈ គ្រឿងទេសមួយចំនួនធំ និងសម្ភារៈមានតម្លៃសរុបជាង១ម៉ឺនដុល្លារ នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ស្លាប់មនុស្ស គ្មាន, របួសមនុស្ស: គា្មន។
រថយន្តការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន០៤ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡានស្មើនឹង ១៦ម៉ែត្រគូប និងរថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព៧១១ នៃកងពលតូចលេខ៧០ ចំនួន៤គ្រឿង មិនបានប្រើប្រាស់ទឹកឡើយ ពន្លត់ចប់នៅម៉ោង០៤:២០នាទីទាបភ្លឺនាថ្ងៃខែដដែល ៕
