ឃើញផ្លូវស្ងាត់! ឆ្លៀតចេញឆក់កាបូបស្ពាយរបស់នារីមិនស្គាល់អត្តសញ្ញាណម្នាក់ បានសម្រេច ហើយជិះរត់គេចខ្លួនជួបកម្លាំងនគរបាលខណ្ឌសែនសុខ ក្របួចបាន៤នាក់ គេចខ្លួនបាត់២នាក់
រាជធានីភ្នំពេញ ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ កាលពីម៉ោង១៥:០០នាទីរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៤នាក់ ករណីលួច មានស្ថានទម្ងន់ទោស ដោយបានឆក់កាបូបស្ពាយចំហៀង មានទូរសព្ទ័ដៃ នៅចំណុចមុខការ៉ាស់សាំងកាល់តិច ផ្លូវសហព័ន្ធរ៉ុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ០៦នាក់ សមត្ថកិច្ចឃាត់ខ្លួនបាន៤នាក់ គេចខ្លួន ០២នាក់ (ឈ្មោះញ៉ា និងឈ្មោះ អុំ សុវណ្ណារ៉ាក់) ។

ជនសង្ស័យ០៤នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ ៖ ១-ឈ្មោះ អាន គឹមស្រៀន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ (គ្មានសារធាតុញៀន), ២-ឈ្មោះ សន ហុង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក (គ្មានសារធាតុញៀន), ៣-ឈ្មោះ អ៉ឹង សុភានុត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក (គ្មានសារធាតុញៀន), ៤-ឈ្មោះ អ៉ឹង ប៊ុណ្ណារិន ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ២៣៧ ផ្លូវបេតុង ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ (ឃាត់ខ្លួនគ្មានសារធាតុញៀន) បានធ្វើសកម្មភាពឆក់យកកាបូបស្ពាយចំហៀង ដោយក្នុងនោះមានទូរសព្ទ័ដៃម៉ាក OPPO ពីជនរងគ្រោះជាមនុស្សស្រី មិនស្គាល់អត្តសញ្ញាណទៅបាត់ក្រោយកើតហេតុរួច ។
សម្ភារៈបាត់បង់ កាបូស្ពាយ ០១ និងទូរសព្ទ័ដៃ០១គ្រឿង ម៉ាកOPPO ។ សម្ភារៈបន្សល់ទុក ម៉ូតូ០២គ្រឿង (១.ម៉ាកេស១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ គ្មានស្លាកលេខ និង២.ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1FC-5193) របស់ជនសង្ស័យ ។ បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

ដោយ៖ បងម៉េង ខ្មែរណូត