ឃាត់ខ្លួនលោកផ្កាយ២ ម្នាក់ និងបក្ខពួក ក្រោយបង្កើតកម្មវិធីផឹកស៊ី រាំច្រៀង និងលេងប៉ាតម្សៅ ជូនអ្នកជួលបន្ទប់ខ្លួន
រាជធានីភ្នំពេញ៖ សមត្ថកិច្ចខណ្ឌមានជ័យ បានចាប់វាយខ្នោះមន្រ្តីប៉ូលិសជាន់ខ្ពស់ម្នាក់មានតួនាទីជាអនុប្រធានសេធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិពាក់ផ្កាយ២ និងបក្ខពួក២នាក់ទៀត ក្រោយរៀបចំកម្មវិធីផឹកស៊ី រាំ ច្រៀង ហ៊ោកញ្ច្រៀវ និងលេងប៉ាតម៉្សៅ ជូនអ្នកជួលបន្ទប់របស់គាត់ជាច្រើននាក់ បំពានបំរាមរបស់អាជ្ញាធរដែលមិនអនុញាតិឲ្យជួបជុំ។

ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ ស្ថិតនៅភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនរួមមាន៖
១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល ឋានៈអនុប្រធានសេនាធិការ នៃអគ្គស្នងដ្ឋានការនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ។
២-ឈ្មោះ ឡាយ ភារុណ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក។
៣-ឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ អ៊ុង ចាន់ធួក។ ដោយឡែក មនុស្សមួយចំនួនទៀតបានរត់ចូលផ្ទះជួលអស់ពេលសមត្ថកិច្ចទៅដល់។
របាយការណ៍បានបញ្ជាក់ថា ជនទាំង៣នាក់នេះ បានធ្វើសកម្មភាពប្រមូលផ្តុំកម្មករ និងប្រជាពលរដ្ឋចន្លោះពី៣០ទៅ៤០នាក់ ដែលស្នាក់នៅផ្ទះជួលរបស់ខ្លួន (អ៊ុង ចាន់ធួក) ផឹកស៊ី រាំច្រៀង លេងប៉ាតម្សៅ នៅក្នុងទីតាំងរបស់ខ្លួន។ ក្រោយការឃាត់ខ្លួន បុរសទាំង៣នាក់នេះ ត្រូវបានកម្លាំងនគរបាលចាប់បញ្ជូនឡើងរថយន្ត បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕
