ក្តៅៗ! សម្តេចតេជោ ហ៊ុន សែន កំពុងរៀបចំលិខិតស្នើព្រះមហាក្សត្រ ដើម្បីដកស័ក្ត និងបណ្តេញពីក្របខណ្ឌនគរបាលជាតិ លោកផ្កាយ២ម្នាក់ ដែលបង្កើតកម្មវិធីផឹកស៊ីរាំ ច្រៀង និងលេងបាតម៉្សៅ បំពានបំរាមរបស់រាជរដ្ឋាភិបាល
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រាប់សារព័ត៌មាន Fresh News ឲ្យដឹងថា នៅពេលនេះសម្តេចតេជោកំពុងធ្វើលិខិតស្នើព្រះមហាក្សត្រ ដើម្បីដកស័ក្ត និងបណ្តេញពីក្របខណ្ឌនគរបាលជាតិ ចំពោះឧត្តមសេនីយ៍ផ្កាយ២ម្នាក់ ដែលផឹកស៊ីរាំ ច្រៀង និងលេងបាតម៉្សៅ បំពានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ព្រមទាំងអំពាវនាវតុលាការកាត់ទោសបុគ្គលនេះឲ្យបានម៉ឺងម៉ាត់ជាទីបំផុត។

គួរបញ្ជាក់ផងដែរថា សមត្ថកិច្ចខណ្ឌមានជ័យ បានធ្វើការចាប់វាយខ្នោះមន្រ្តីប៉ូលិសជាន់ខ្ពស់ម្នាក់មានតួនាទីជាអនុប្រធានសេធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិពាក់ផ្កាយ២ និងបក្ខពួក២នាក់ទៀត ក្រោយរៀបចំកម្មវិធីផឹកស៊ី រាំ ច្រៀង ហ៊ោកញ្ច្រៀវ និងលេងប៉ាតម៉្សៅ ជូនអ្នកជួលបន្ទប់របស់គាត់ជាច្រើននាក់ បំពានបំរាមរបស់អាជ្ញាធរដែលមិនអនុញាតិឲ្យជួបជុំ ដែលហេតុការណ៍នោះកើតឡើងស្ថិតនៅភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

