ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យសមត្ថកិច្ចត្រូវតែត្រួតពិនិត្យ ការលួចធ្វើដំណើរតាមផ្លូវទឹក

    BY Khmernote Media April 19, 2021
    សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យសមត្ថកិច្ចត្រូវតែត្រួតពិនិត្យ ការលួចធ្វើដំណើរតាមផ្លូវទឹក

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំមួយទៅកាន់អភិបាលរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រៃវែង និងកំពង់ចាម ឱ្យពិនិត្យមើលក្រែងមានការលួចធ្វើដំណើរចេញចូលក្នុងភូមិសាស្ត្ររាជធានី ខេត្តទាំងនេះ ដោយប្រើមធ្យោបាយផ្លូវទឹក។

    ក្នុងសារសំឡេងណែនាំមួយ នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោ បានដាក់ការព្រួយបារម្ភថា ខ្លាចមានការឆ្លងចេញចូលពីរាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្តនានា ដោយប្រើមធ្យោបាយផ្លូវទឹក ជាពិសេសតាមរយៈទូកនេសាទ ដែលអាចនាំដល់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

    សំឡេង៖ “សុំឱ្យឯកឧត្តមឃួង ស្រេង គង់សោភ័ណ្ឌ អ៊ុន ចាន់ដា ធី ត្រូវពិនិត្យមើល ព្រោះនៅពេលដែល យើងមិនឱ្យធ្វើដំណើរតាមផ្លូវគោក អាចមានអ្នកខិតខំធ្វើដំណើរតាមផ្លូវទឹក ដោយតាមរយៈទូកនេសាទ អ៊ីចឹងសុំចាត់ចែងពិនិត្យមើលបញ្ហានឹងទៀត។ ឯកឧត្តមនេត សាវឿន សៅសុខា ក៏ត្រូវចូលរួមពិនិត្យមើលអាហ្នឹង ព្រោះវាលេងតាមផ្លូវគោកមិនបាន គឺលេងតាមផ្លូវទឹក មានតែពឹងពាក់ទៅលើទូកនេសាទ និងសាឡង់ អ៊ីចឹងយើងត្រូវយកចិត្តទុកដាក់ និងចាត់ចែង ក្នុងនឹងគឺខេត្តកំពង់ចាម ខេត្តកណ្ដាល ភ្នំពេញ និងព្រៃវែង ៤ខេត្តនេះដែលសំខាន់ ដែលធ្វើដំណើរជ្រៀតចូលតាមភូមិសាស្ត្រ ក្រែងនាំទៅដល់ជំងឺឆ្លង ” ។

    សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ បានសម្រេចបិទការធ្វើដំណើរឆ្លងកាត់ពីរាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្តនានា ក៏ដូចជាការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅកាន់ខេត្តមួយទៀត។ ការហាមឃាត់នេះរាប់ចាប់ពីថ្ងៃទី០៧ ខែមេសា រហូតដល់ថ្ងៃទី២៨ ខែមេសា។

    សម្តេចតេជោ ក៏ធ្លាប់បានលើកឡើងដែរថា ប្រសិនបើការហាមឃាត់ធ្វើដំណើរឆ្លងកាត់ខេត្តរយៈពេលពីរសប្តាហ៍នេះហើយ ជំងឺកូវីដ១៩ មិនមានស្ថានភាពថមថយទេនោះ សម្តេចនឹងពិចារណាពន្យារពេលវិធានការនេះបន្តទៀត ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: