អាជ្ញាធរខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនអាជីវករផ្សារដើមគ២នាក់ម្តាយកូន ដែលលួចចេញពីកន្លែងធ្វើចត្តាឡីស័កនៅតាមផ្ទះ ផ្ទុយពីវិធានការសុខាភិបាល
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌជ្រោយចង្វារ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការឃាត់ខ្លួនបុគ្គល ០២រូប ដែលបានប្រព្រឹត្តផ្ទុយពីវិធានការសុខាភិបាល លួចគេចវេះពីការធ្វើចត្តាឡីស័កនៅតាមផ្ទះ ដោយរដ្ឋបាលខណ្ឌ ជូនដំណឹងដល់សាធារណជន ឲ្យបានជ្រាបថា៖ កាលពីវេលាម៉ោង៨៖១៥នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារ ដែលឈរជើងនៅគោលដៅចំណុចរង្វង់មូលព្រហ្មបាយ័ន ក្នុងការអនុវត្តសេចក្ដីសម្រេចលេខ ៥០ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋាភិបាល ស្ដីពីការកែសម្រួលវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

រដ្ឋបាលខណ្ឌជ្រោយចង្វារ បានធ្វើការសាកសួរ និងឃាត់ខ្លួនបុគ្គលដែលបានប្រព្រឹត្តផ្ទុយពីវិធានការសុខាភិបាល លួចចាកចេញពីទីកន្លែងធ្វើចត្តាឡីស័កនៅតាមផ្ទះ ចំនួន០២រូប រួមមាន៖
ទី១.ឈ្មោះ កុប ម៉ារី ភេទស្រី អាយុ ៦០ឆ្នាំ មុខរបរ អាជីវករផ្សារដើមគ (ត្រូវជាម្ដាយ)
ទី២.ឈ្មោះ ម៉ក់ រុំរីសា ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរ អាជីវករផ្សារដើមគ (ត្រូវជាកូន) មានអាសយដ្ឋានស្ថិតនៅក្នុងភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ចំពោះករណីនេះ រដ្ឋបាលខណ្ឌជ្រោយចង្វារ បានស្នើសុំគោលការណ៍អនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន និងបានបញ្ជូនបុគ្គលទាំងពីររូបខាងលើ ឲ្យបន្តធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ ហើយរដ្ឋបាលខណ្ឌនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ៕





ប្រភព៖ រដ្ឋបាលខណ្ឌជ្រោយចង្វារ