ខេត្តព្រៃវែង អ្នកល្មេីសបម្រាម បានដាក់អោយធ្វើចត្តាឡីស័ក និងយកសំណាក ជាលទ្ធផលរកឃេីញវិជ្ជមានកូវីដ១៩ ចំនួន៤នាក់ (រាជធានីភ្នំពេញ ៣នាក់ និងខេត្តព្រះសីហនុ ១នាក់)
ខេត្តព្រៃវែង៖ យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រៃវែង បានឲ្យដឹងនាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ថា អ្នកល្មេីសបម្រាម បានដាក់អោយធ្វើចត្តាឡីស័ក និងបានយកសំណាក ជាលទ្ធផលរកឃេីញវិជ្ជមានកូវីដ-១៩ ចំនួន៤នាក់ បន្ថែមទៀត មកពីរាជធានីភ្នំពេញ ៣នាក់ និងខេត្តព្រះសីហនុ ១នាក់។

អ្នកទាំង៤នាក់នេះ មន្ត្រីនគរបាលយុត្តិធម៌ស្រុកកំពុងតែបន្តនិតិវិធីពិន័យអន្តរការណ៍តាមវិធានការរដ្ឋបាលហើយ។ ជាសំណូមពររបស់ឯកឧត្តម ជា សុមេធី អភិបាលខេត្ត ស្នើសុំដល់ប្រជាពលរដ្ឋខេត្តព្រៃវែងយើង ជាពិសេស អ្នកដែលមានសាច់ញាតិ ធ្វើការនៅរាជធានី ខេត្តក្រុងផ្សេងៗ ក៏ដូចជាចំណាកស្រុកនៅប្រទេសថៃជាដើម សូមជំរាបប្រាប់ទៅពួកគាត់ថា បើគ្រាន់តែចង់មកលេងសប្បាយជួបជុំគ្រួសារនោះទេ គួរកុំទាន់មកលេងអី ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩នេះ។
សូមបងប្អូននៅមូលដ្ឋានចូលរួមសហការដោយរាយការណ៍ជាបន្ទាន់មកអាជ្ញាធរអំពីជនសង្ស័យដែលធ្វើការចល័តទីមកពីកន្លែងផ្សេងៗ ល្មើសបម្រាមរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីអោយសមត្ថកិច្ចអន្តរាគមន៍ចាត់ការតាមវិធានការច្បាប់ដែលឈានដល់ការទទួលទណ្ឌកម្មព្រហ្មទណ្ឌ!
