ឃាត់ខ្លួនមនុស្ស២២នាក់ ករណីជួបជុំគ្នាផឹកស៊ីឡូឡា លេងល្បែង ល្មើសនឹងវិធានក្រសួងសុខាភិបាល
រាជធានីភ្នំពេញ ៖ នគរបាលខណ្ឌជ្រោយចង្វារ ខណ្ឌកំបូល និងខណ្ឌសែនសុខ រាជធានីភ្នំពេញ បានចាប់ឃាត់ខ្លួនមនុស្ស២២នាក់ ដោយល្មើសទៅនឹងវិធានក្រសួងសុខាភិបាល ប្រមូលផ្តុំជួបជុំគ្នា ផឹកស៊ី ឡូឡា និងលេងល្បែងដែលមានហានិភ័យឆ្លងរាលដាលជំងឺកូវីដ១៩ ខណៈដែលការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍រាជធានីភ្នំពេញ នៅតែមានកំណើនខ្ពស់ជាក្តីបារម្ភ នៅឡើយនោះទេ។

ការចាប់ឃាត់ខ្លួនមនុស្ស២២នាក់ គឺជាការចូលរួមទប់ស្កាត់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ទន្ទឹមដែលរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានរាជរដ្ឋាភិបាលសម្រេចបិទខ្ទប់រយៈពេល១៤ថ្ងៃ និងបន្ត៧ថ្ងៃទៀត ដើម្បីរឹតត្បិតចំពោះការធ្វើដំណើរ ការប្រមូលផ្តុំជួបជុំគ្នា ក្នុងការកាត់ផ្តាច់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ១៩ ពីតំបន់មួយទៅតំបន់មួយ។
តាមសេចក្តីរាយការណ៍ពីនគរបាលខណ្ឌចំជ្រោយចង្វារឱ្យដឹងថា នៅវេលាម៉ោង៧យប់ថ្ងៃទី២៦ ខែមេសា កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បានចេញល្បាតក្នុងភូមិសាស្រ្ត ដើម្បីពង្រឹងសន្តិសុខ នៅក្នុងមូលដ្ឋាន ហើយក៏ប្រទះឃើញ មានមនុស្សមួយក្រុមប្រមូលផ្តុំគ្នាផឹកស៊ី ឡូឡានិងលេងល្បែង ស្ថិតនៅភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចក៏បានបង្រ្កាបចាប់ខ្លួនមនុស្សសរុប១៣នាក់ និងវត្ថុតាងមួយចំនួន បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារហើយបន្តចាប់បញ្ជូនទៅធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ ក្នុងខណ្ឌព្រែកព្នៅ។
ដោយឡែកនៅខណ្ឌសែន សុខ រាជធានីភ្នំពេញ សេចក្តីរាយការណ៍ឱ្យដឹងថាមនុស្សចំនួន០៤នាក់ប្រមូលផ្តុំគ្នាលេងល្បែងខុសច្បាប់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែន សុខ បង្រ្កាបចាប់ខ្លួនកាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែន សុខ ខណៈដែលកម្លាំងសមត្ថកិច្ចចេញល្បាតពង្រឹងសន្តិសុខនៅក្នុងមូលដ្ឋាន។មនុស្សទាំង០៤នាក់ កំពុងត្រូវនគរបាលខណ្ឌសែនសុខ យកមកអនុវត្តតាមនីតិវិធី។
ចំណែកនៅខណ្ឌកំបូល រាជធានីភ្នំពេញ សេចក្តីរាយការណ៍ពីនគរបាលខណ្ឌកំបូលឱ្យដឹងថា កាលពីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ កម្លាំងនគរបាលខណ្ឌកំបូល បានចុះទៅចាប់ឃាត់ខ្លួនមនុស្សមួយក្រុមមានគ្នា០៥នាក់ ដែលបានបំពានវិធានក្រសួងសុខាភិបាលធ្វើសកម្មភាព ប្រមូលផ្តុំជួបជុំគ្នាផឹកស៊ី ស្ថិតនៅភូមិត្រឹប សង្កាត់កំបូល ខណ្ឌកំបូល និងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌកំបូល ដោយធ្វើការផាកពិន័យអន្តរកាណ៍ និងអប់រំឱ្យនាំគ្នាចូលរួមអនុវត្តវិធានក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។
នៅខណ្ឌកំបូលដដែលនេះផងដែរ នៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ កម្លាំងនគរបាលខណ្ឌកំបូល បានសហការជាមួយកម្លាំងពាក់ព័ន្ធ ធ្វើការឃាត់ខ្លួន មនុស្សប្រុសស្រីចំនួន០៨នាក់ ក្នុងនោះ០១នាក់ជាជនជាតិចិន បានធ្វើដំណើរល្មើសនឹងវិធានការបិទខ្ទប់ បានជិះរថយន្តម៉ាកស្តារិច០១គ្រឿង គេចវេសមិនឱ្យកម្លាំងសមត្ថកិច្ចត្រួតពិនិត្យ នៅគោលដៅផ្លូវលេខ៤២ សង្កាត់ប្រទះឡាង ខណ្ឌកំបូល ។មនុស្សទាំង០៨នាក់នេះកំពុងត្រូវបានយកមកអនុវត្តតាមនីតិវិធីផងដែរ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ