ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គូស្នេហ៍មួយគូស្រវឹងជោកជាំ ឈ្លោះប្រកែកគ្នាតាមដងផ្លូវ ផ្អើលដល់សមត្ថកិច្ចខណ្ឌមានជ័យ ចុះធ្វើការអន្តរាគមន៍ បែរជាចង្អុលមុខសមត្ថកិច្ច ចុងក្រោយសមត្ថកិច្ចឃាត់ខ្លួនទាំងពីរ

    BY Khmernote Media April 28, 2021
    គូស្នេហ៍មួយគូស្រវឹងជោកជាំ ឈ្លោះប្រកែកគ្នាតាមដងផ្លូវ ផ្អើលដល់សមត្ថកិច្ចខណ្ឌមានជ័យ ចុះធ្វើការអន្តរាគមន៍ បែរជាចង្អុលមុខសមត្ថកិច្ច ចុងក្រោយសមត្ថកិច្ចឃាត់ខ្លួនទាំងពីរ

    រាជធានីភ្នំពេញ៖ គូសង្សារបុរសស្រីពីរនាក់ ត្រូវបានកម្លាំងអន្តរាគមន៍ពិសេស របស់អធិការដ្ឋានខណ្ឌមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលបឹងទំពន់ទី២ ឃាត់ខ្លួនយកទៅធ្វើការសាកសួរ បន្ទាប់ពីផឹកស៊ីស្រវឹងកើតភ្លើងប្រចណ្ឌឈ្លោះប្រកែកគ្នាតាមដងផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១១៖០៥នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ ត្រង់ចំណុចក្បែរគ្លីនិកឯកជន បញ្ញាសក្តិ តាមផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យមួយរូបបានរៀបរាប់ ឲ្យអ្នកយកព័ត៌មានខ្មែរណូត យើងដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានកំពុងតែធ្វើការអនុវត្តន៍ វិធានការបិទខ្ទប់នៅគោលដៅបិទខ្ទប់ក្បែរកន្លែងកើតហេតុ និងមានកម្លាំងកងរាជអាវុធហត្ថរាជធានី ភ្នំពេញ៣ទៅ៤នាក់បាន ចូលរួមសហការផងដែរ។ លុះដល់វេលា កើតហេតុសមត្ថកិច្ចក៏បានលឺសំឡេងស្រែកឡូឡានៅចំណុច កើតហេតុ ពេលនោះក៏ឃើញមានបុរសម្នាក់ និងស្ត្រីម្នាក់ដែលមានសភាពស្រវឹងជោកជាំ បានកំពុងឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃក ដោយមិនដឹងថា មានរឿងអ្វីនោះទេ និងបុរសម្នាក់ទៀតកំពុងជួយឃាត់ពួកគេទាំងពីរ។ បន្ទាប់ពីមកសមត្ថកិច្ចក៏បានដើរទៅធ្វើការ សួរនាំ និងជួយ សម្របសម្រួលបុរស និងស្ត្រីទាំងពីរនាក់នោះ កុំឲ្យមានការឈ្លោះប្រកែកគ្នាជាបន្តទៀត ខ្លាចប៉ះពាល់ដល់អ្នកជិតខាង។ ប៉ុន្តែពេលដែល សមត្ថកិច្ចចូលទៅឃាត់ និងសួរនាំស្រាប់តែបុរស ដែលឈ្លោះប្រកែកជាមួយនិងស្ត្រីនោះ ក៏មានអាកប្បកិរិយាមិនសមរម្យនិងបានចង្អុលមុខសមត្ថកិច្ច ថែមទាំងស្ទុះបំរុងវាយទៅសមត្ថកិច្ច តែក៏ត្រូវបានសមត្ថកិច្ចធ្វើការចាប់វាយខ្នោះ ភ្លាមៗ តែម្តង។

    បើតាមសម្តីពីស្ត្រីខាងលើបានឲ្យដឹងថា បុរសដែលឈ្លោះប្រកែកជាមួយនាង ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះគឺត្រូវជាសង្សារ របស់នាង ។ ហើយដោយមុនពេលកើតហេតុនាង និងក្មួយរបស់នាងបាននាំគ្នាអង្គុយផឹកស៊ីនៅខាងមុខបន្ទប់ជួល ក្បែរកន្លែងកើតហេតុ បន្ទាប់ពីនាង និងបុរសជាសង្សារបានទាស់ទែងគ្នាបន្តិចបន្តួច។ លុះពេលដែលនាងបានផឹកស្រាបៀរអស់បីទៅបួនកំប៉ុង បុរសជាសង្សារក៏បានហៅឲ្យឈប់ផឹក និងឲ្យទៅផ្ទះ។ ប៉ុន្តែដោយនាងមិនចង់ទៅផ្ទះព្រោះបានទាស់ទែងជាមួយនិងបុរសជាសង្សារ ទើប នាងបានទូរស័ព្ទហៅបុរសជាមិត្តភក្ដិម្នាក់ឲ្យជិះម៉ូតូមកយកនាងទៅខាងក្រៅ។ រួចនាងក៏បានដើរទៅជួបមិត្តភក្តិនាងនៅចំណុចកើតហេតុ ពេលនោះបុរសជាសង្សារបានដើរទៅតាមពីក្រោយ។ ហើយគ្រាន់តែឃើញនាង និងមិត្តភក្តិរបស់នាងភ្លាម បុរសជាសង្សារក៏បានប្រចណ្ឌនាង ហើយបានកើតជាជម្លោះផ្អើលសមត្ថកិច្ចតែម្តង។

    ក្រោយ ពេលកើតហេតុគូរស្នេហ៍ទាំងពីរនាក់នោះ ក៏ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះនាំទៅធ្វើការសាកសួរនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹង ទំពន់ទី២ និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្តទៀត ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: