ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រកមុខឃើញហើយ ជនសង្ស័យ ដែលដើរលួចកាត់ខ្សែភ្លើងរបស់មន្រ្តីអគ្គិសនីបានសម្រេច បម្រុងយកទៅលក់ ត្រូវកម្លាំងនគរបាលក្រុងសៀមរាបចាប់ឃាត់ខ្លួនបាន៣នាក់

    BY Khmernote Media April 28, 2021
    រកមុខឃើញហើយ ជនសង្ស័យ ដែលដើរលួចកាត់ខ្សែភ្លើងរបស់មន្រ្តីអគ្គិសនីបានសម្រេច បម្រុងយកទៅលក់ ត្រូវកម្លាំងនគរបាលក្រុងសៀមរាបចាប់ឃាត់ខ្លួនបាន៣នាក់

    ក្រុងសៀមរាប៖ កាលពីវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅបន្ទប់ជួលក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ជនសង្ស័យជាអ្នករើសអេតចាយចំនួន ០៣នាក់ បែកគំនិតលួចកាត់បណ្តាញខ្សែភ្លើងរបស់មន្រ្តីអគ្គិសនីសៀមរាប រួចបម្រុងយកទៅលក់ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប ស្រាវជ្រាវរហូតឈានដល់បង្ក្រាបបានជាក់ស្តែង។

    លោកវរសេនីយ៍ទោ ដា ចំរើន បានដឹកនាំកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សាលាកំរើក រួមទាំងកម្លាំងប្រជាការពារ ចុះបង្ក្រាបករណីលួចកាត់ខ្សែភ្លើងដែលជនសង្ស័យបានធ្វើសកម្មភាពកាលពីនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១២និង៣០នាទីយប់ ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប របស់ជនរងគ្រោះឈ្មោះ យាវ វុទ្ធី ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរមន្រ្តីអគ្គិសនីសៀមរាប។ លោកបន្តថា ជនសង្ស័យទាំង ០៣នាក់រួមមាន៖

    ១.ឈ្មោះ សេង ជល់ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ រើសអេតចាយ មានទីលំនៅស្នាក់នៅបន្ទប់ជួលភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប។

    ២.ឈ្មោះ ពេទ្យ ឆដា ភេទស្រី អាយុ ១៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប។

    ៣.ឈ្មោះ ពេស បូរី ហៅ ផល ភេទប្រុស អាយុ ២១ឆ្នាំ មុខរបររើសអេតចាយ មានទីលំនៅស្នាក់នៅបន្ទប់ជួលភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ពាក់ព័ន្ធករណីបទទទួលផលចោរកម្ម (អំពើលួចខ្សែភ្លើង) ។ សមត្ថកិច្ចចាប់បានវត្ថុតាងរួមមាន៖

    -ស្ពាន់ខ្សែភ្លើងចំនួន ០៨កំណាត់
    -សំបកខ្សែភ្លើងចំនួន ០៦ដុំ
    -កាំបិតចិតបន្លែចំនួន ១២ដើម
    -កាំបិតប៉័ងតោ ចំនួន ០៣ដើម
    -ដាវកែច្នៃ ចំនួន ០៣ដើម
    -កាំបិតព្រាចំនួន ០២ដើម
    -ញញួរចំនួន ០២ដើម
    -កន្ត្រៃចំនួន ០៣

    ក្នុងនោះដែលជនសង្ស័យទាំង ០៣នាក់ តេស្តរកសារធាតុញៀនគឺ វិជ្ជមាន (+) ផងដែរ។ បច្ចុប្បន្នជនសង្ស័យទាំង ០៣នាក់ ខាងលើ ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប ឃាត់ខ្លួននិងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

    ប្រភព៖ អធិការដ្ឋាននគរបាល ក្រុងសៀមរាប

    Share This Post: