ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តសៀមរាប ប្រកាសបិទខ្ទប់តំបន់មួយចំនួន នៅមុខបរិវេណមន្ទីរពេទ្យបង្អែកខេត្ត និងបរិវេណជុំវិញផ្សារកណ្តាល ដោយសារជាប់ពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩

    BY Khmernote Media April 29, 2021
    រដ្ឋបាលខេត្តសៀមរាប ប្រកាសបិទខ្ទប់តំបន់មួយចំនួន នៅមុខបរិវេណមន្ទីរពេទ្យបង្អែកខេត្ត និងបរិវេណជុំវិញផ្សារកណ្តាល ដោយសារជាប់ពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩

    យោងតាមការបញ្ជាក់ពី មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយសម្រេច បិទខ្ទប់តំបន់មួយចំនួន នៅមុខបរិវេណមន្ទីរពេទ្យបង្អែកខេត្ត និងបរិវេណជុំវិញផ្សារកណ្តាល ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយសារមានជាប់ពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន០១នាក់ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ គឺឈ្មោះ ស៊ាង គឹមសាន ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានជំងឺខូចតម្រងនោមជាង២ឆ្នាំ ហើយគាត់មកទទួលសេវាលាងឈាមនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងចូលសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាលពីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ។

    សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់បន្ថែមថា អ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ ជាសមាជិកគ្រួសារ មានចំនួន០៣រូប គឺ ៖

    ១. លោក លី ចាន់ថា ត្រូវជាប្អូនថ្លៃ បានជូនលោក ស៊ាង គឹមសាន មកដល់មន្ទីរពេទ្យខេត្តសៀមរាប នាយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ហើយក៏បានធ្វើដំណើរវិលត្រឡប់ទៅស្រុកស្ទោង ខេត្តកំពង់ធំវិញទាំងយប់ រហូតដល់ល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ត្រូវបានក្រុមគ្រូពេទ្យខេត្តកំពង់ធំ យកសំណាកធ្វើតេស្តទទួលបានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ ។

    ២. ប្រពន្ធរបស់លោក ស៊ាង គឹមសាន កំពុងធ្វើចត្តាឡីស័កនៅសាលាគរុកោសល្យខេត្តសៀមរាប និងបានយកសំណាកធ្វើតេស្តលើកទី១ លទ្ធផលអវិជ្ជមាន ។

    ៣. កូនរបស់លោក ស៊ាង គឹមសាន បានធ្វើដំណើរពីមន្ទីរពេទ្យបង្អែកខេត្ត ដោយជិះម៉ូតូឌុបទៅម្តុំផ្សារលើ និងបានបន្តដំណើរតាមរថយន្តក្រុងទៅកាន់ស្រុកស្ទោង ខេត្តកំពង់ធំវិញ នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ហើយត្រូវបានក្រុមគ្រូពេទ្យខេត្តកំពង់ធំ យកសំណាកធ្វើតេស្តលើកទី១ ទទួលបានលទ្ធផលអវិជ្ជមាន ។

    សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់បន្ថែមទៀតថា លោក ស៊ាន គឹមសាន បានធ្វើដំណើរទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីលាងឈាម កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ និងបានវិលត្រឡប់មកម្តងទៀត នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ តែដោយមានរោគសញ្ញាសង្ស័យ ទើបក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បាននាំទៅយកសំណាកធ្វើតេស្តស្រាវជ្រាវ ។ ដោយឡែកក្រុមគ្រូពេទ្យដែលពាក់ព័ន្ធ ត្រូវបានយកសំណាកធ្វើតេស្តស្រាវជ្រាវ និងទទួលបានលទ្ធផលអវិជ្ជមាន ។

    រដ្ឋបាលខេត្តសៀមរាប ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អំពីមុខសញ្ញាពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ឬទីតាំងដែលបានបិទខ្ទប់ខាងលើ ចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ហើយប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ ៕

    Share This Post: