ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នាំបក្ខពួកមកគាស់តូបហាងកាហ្វេលួចម៉ាស៊ីនឆុងកាហ្វេពីយប់ លុះព្រឹកឡើងសមត្ថកិច្ចក្របួចបានម្នាក់ក្នុងចំណោម៣នាក់

    BY Khmernote Media May 28, 2021
    នាំបក្ខពួកមកគាស់តូបហាងកាហ្វេលួចម៉ាស៊ីនឆុងកាហ្វេពីយប់ លុះព្រឹកឡើងសមត្ថកិច្ចក្របួចបានម្នាក់ក្នុងចំណោម៣នាក់

    រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ៣នាក់ ត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌចំការមន សហការជាមួយកម្លាំងប៉ុស្តិ៍ទួលទំពូងទី២ ស្រាវជ្រាវឃាត់ខ្លួនយកទៅសាកសួរ បន្ទាប់ពីជនសង្ស័យរូបនោះ និងបក្ខពួកពីរនាក់ទៀត បានធ្វើសកម្មភាពគាស់តូបហាងកាហ្វេភូមិសាខាទូលទំពូង នៅចំណុចមុខផ្ទះលេខ៣២៩ ផ្លូវលេខ៤៧០ កែង១៦៣ ក្រុម៧ ភូមិ១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន កាលពីវេលាម៉ោង១០:៣០នាទីយប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ រួចលួចយកម៉ាស៊ីនឆុងកាហ្វេហើយរត់គេចខ្លួនបានរយៈពេល១២ម៉ោង ។

    ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១០:៣០នាទីយប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ នៅម្តុំចំណុចស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។

    សមត្ថកិច្ចប្រាប់ថាសង្ស័យឃាត់ខ្លួនឈ្មោះ នី ទីន ហៅខ្មៅ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ មុខរបររើសអេតចាយ។ បក្ខពួកបង្ក្រាបមិនទាន់បានមាន០២នាក់ទៀត ១.ឈ្មោះ ឃ្លោក ភេទប្រុស អាយុប្រហែល១៨ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ មុខរបររើសអេតចាយ និងទី២.ឈ្មោះ អាកូយ ភេទប្រុស អាយុប្រហែល១៨ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ មុខរបររើសអេតចាយ។ វត្ថុតាងដកហូតបានរួមមាន ១.រ៉ឺម៉កអេតចាយ០១គ្រឿង និង២.ម៉ាស៊ីនឆុងកាហ្វេមួយឈុត (ម៉ាក SM) ត្រូវបានសមត្ថកិច្ចត្រៀមប្រគល់ជូនម្ចាស់ដើមវិញ។

    បើតាមលោកវរសេនីយ៍ទោ ផន អូន អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌចំការមន បានប្រាប់ឲ្យដឹងថា មុននឹងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យបាន គឺនៅព្រឹកថ្ងៃទី២៥ ខែឧសភានេះ មានជនរងគ្រោះម្នាក់ឈ្មោះ សែង សុងគឹមស៊ង ភេទប្រុស បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលទួលទំពូង២ថា នៅយប់ថ្ងៃវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃ២៥ ខែឧសភា ឆ្នាំ២០២១ មានជនសង្ស័យមួយក្រុមបានធ្វើសកម្មភាព គាស់តូបលក់កាហ្វេ នៅចំណុចផ្លូវ៤៧០ កែងផ្លូវ១៦៣ ក្រុម៧ ភូមិ១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ដោយបានយកសម្ភារៈដូចជា ម៉ាស៊ីនឆុងកាហ្វេ១ឈុត ស្ពីកឃើ, បំពង់សំឡេង១ និងលុយចំនួន៥ម៉ឺនរៀល ទៅបាត់ដោយសុវត្ថិភាព ។ លោកអធិការរងបន្តថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះហើយ កម្លាំងសមត្ថកិច្ចផ្នែកព្រហ្មទណ្ឌ នៃអធិការនគរបាលខណ្ឌចំការមន ដឹកនាំដោយលោកលោកផ្ទាល់ បានចុះធ្វើការ ស្រាវជ្រាវ និងឆែកមើលតាមកាមេរ៉ាសុវត្ថិភាព រហូតក្តោបបានមុខសញ្ញា ដោយប្រើរយៈពេលជិត១២ម៉ោង ថ្ងៃដដែល ទើបឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំងវត្ថុតាំង ដើម្បីយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលទួលទំពូង២ តែម្ដង ។

    បច្ចប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់។

    ជាមួយគ្នានោះដែរ គេឃើញខាង ហាងកាហ្វេភូមិសាខាទូលទំពូង សូមអរគុណដល់បងៗសមត្ថកិច្ច ប៉ុស្តិ៍នគរបាលទួលទំពូង២ សហការជាមួយព្រហ្មទណ្ឌខណ្ឌ ដែលបានខិតខំស្រាវជ្រាវចាប់បានជនល្មើសលួចសម្ភារក្នុងហាងយើងខ្ញុំត្រឹមតែ 12 ម៉ោង ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: