ទីតាំងអាហារដ្ឋានអង្គុយផឹកស៊ីយីហោ “ផ្ទះឈើម្ហូបខ្មែរថៃ” ល្មើសវិធានការរដ្ឋបាល និងក្រសួងសុខាភិបាល ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ ចុះបង្ក្រាបនិងឃាត់ខ្លួនមនុស្ស ១៤នាក់
រាជធានីភ្នំពេញ៖ ទីតាំងអាហារដ្ឋាន អង្គុយផឹកស៊ីយីហោ “ផ្ទះឈើម្ហូបខ្មែរថៃ” ល្មើសវិធានការរដ្ឋបាល និងល្មើសវិធានការក្រសួងសុខាភិបាល ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះបង្ក្រាបនិងឃាត់ខ្លួនបានទាំងថៅកែ បុគ្គលិក និងភ្ញៀវសរុប១៤នាក់ កាលពីវេលាម៉ោង ០៩៖៣០នាទីយប់ ថ្ងៃ អង្គារ៍ ទី១០ ខែសីហា ឆ្នាំ២០២១នេះ ដែលមានទីតាំងស្ថិត តាមផ្លូវបេតុង២០MC ក្នុងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា ទីតាំងអាហារដ្ឋាននេះ ធ្លាប់ត្រូវបាន កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ ចុះអប់រំណែនាំ ២លើករួចមកហើយ លុះមកទល់យប់នេះ ក៏នៅតែបន្តបើកទទួលភ្ញៀវចូលផឹកស៊ី ល្មើសវិធានការរដ្ឋបាល និងល្មើសវិធានការក្រសួងសុខាភិបាលទៀត ទើបកម្លាំងចម្រុះគណៈ បញ្ជាការឯកភាព ខណ្ឌមានជ័យ ដឹកនាំដោយលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ, និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ និងកម្លាំងសណ្ដាប់ធ្នាប់សាលាខណ្ឌមានជ័យ ដឹកនាំដោយលោក ឡេង ចន្ទសុភ័ត្រា ប្រធានសណ្ដាប់ធ្នាប់ខណ្ឌ, និងកម្លាំងប៉ុស្តិ៍ ស្ទឹងមានជ័យទី២ ដឹកនាំដោយលោកវរសេនីយ៍ត្រី ណេង សាមឿន នាយប៉ុស្តិ៍ស្ទឹងមានជ័យទី២ បានចុះមកបង្ក្រាប និងត្រួតពិនិត្យទីតាំងខាងលើ រកឃើញថា មិនគោរពវិធានការរដ្ឋបាល និងមិនគោរពវិធានការក្រសួងសុខាភិបាល បើកទទួលភ្ញៀវចូលផឹកស៊ីជួបជុំគ្នាប្រាកដមែន ប៉ុន្តែមិនមានការចាក់ភ្លេងឬច្រៀងលេងកម្សាន្តឡើយ គ្រាន់តែមានការជួបជុំផឹកស៊ីពីសំណាក់ភ្ញៀវបុរស២តុផ្សេងគ្នា សរុបចំនួន៩នាក់ និងមាននារីបម្រើការនិងរត់តុកចំនួន ៤នាក់ រួមទាំងថៅកៅហាងម្នាក់ទៀត សរុប១៤នាក់ ត្រូវបានឃាត់ខ្លួន និងដកហូតសម្ភារមានដូចជាម៉ូតូ៦គ្រឿងផងដែរ។
លោកអធិការខណ្ឌមានជ័យបន្តថា ចំពោះទីតាំងអាហារដ្ឋាន យីហោ “ផ្ទះឈើម្ហូបខ្មែរថៃ” ដែលមានម្ចាស់ឈ្មោះ ហា រីណា ភេទស្រី អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ត្រូវបានលោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានធ្វើកំណត់ហេតុបិទចោល ចាប់ពីពេលនេះតទៅ គ្មានជនណា ឬបុគ្គលណាម្នាក់ មានសិទ្ធិបើកវិញឡើយ ព្រោះល្មើសនិងវិធានច្បាប់ក្នុងកិច្ចការពារកូវីដ១៩។ ចំណែកឯមនុស្សទាំង១៤នាក់ ដែលត្រូវបានឃាត់ខ្លួន មានទាំងបុគ្គលិកនិងភ្ញៀវរួមទាំងម្ចាស់ហាង ត្រូវបានក្រុមគ្រូពេទ្យប្រតិបត្តិបាសាក់ បានចុះមកធ្វើតេស្តរកមេរោគកូវីដ-១៩ ក្រោយពីធ្វើតេស្តរួចហើយលទ្ធផលអវិជ្ជមានទាំងអស់គ្នា។
បច្ចុប្បន្ន ចំពោះមនុស្សទាំង១៤នាក់ខាងលើ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត ៕













ដោយ៖ បងម៉េង ខ្មែរណូត