ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មនុស្សជិត២ម៉ឺននាក់ត្រូវបានឃាត់ខ្លួន និង៥១នាក់បញ្ជូនទៅតុលាការពាក់ព័ន្ធល្មើសនឹងបម្រាមគោចរ

    BY Khmernote Media August 14, 2021
    មនុស្សជិត២ម៉ឺននាក់ត្រូវបានឃាត់ខ្លួន និង៥១នាក់បញ្ជូនទៅតុលាការពាក់ព័ន្ធល្មើសនឹងបម្រាមគោចរ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា លទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ក្នុងអំឡុងពេលបិទខ្ទប់បណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងបម្រាមគោចរតាមបណ្តារាជធានីខេត្តនៅទូទាំងប្រទេស គិតចាប់ថ្ងៃទី ២៩ ខែ កក្កដា ដល់ត្រឹមថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២១ នេះ មានសរុប១០.៨៩០ករណី និងឃាត់ខ្លួនមនុស្ស ១៩.៤៦៣នាក់។ បើតាមការបញ្ជាក់ឱ្យដឹងពីឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី១៣ ខែសីហានេះ។

    ឯកឧត្តម បន្តថា ក្នុងរយៈពេលនៃកិច្ចប្រតិបត្តិការរបស់អនុគណៈកម្មការដឹកនាំការអនុវត្តន៍ច្បាប់នៃគណៈ កម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះ បានចុះផ្សព្វផ្សាយអប់រំអំពីច្បាប់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជូនប្រជាពលរដ្ឋសរុបបានចំនួន ១៤.៨១២ ទីតាំង ព្រមទាំងអនុវត្តវិធានការអប់រំចំនួន១៨.៤៩៥នាក់, អនុវត្តវិធានការពិន័យ៩១៧នាក់, និងបញ្ជូនទៅតុលាការ ៥១នាក់ ខណៈឃាត់យានយន្ត ៣.៣៧០គ្រឿង និងម៉ូតូ៥.០៦១គ្រឿង។

    ឯកឧត្តម គឹម សន្តិភាព បានឱ្យដឹងបន្ថែមថា ថវិកាដែលបានមកពីការពិន័យមានសរុបដល់ជាង៥០០លានរៀល (៥០៦.៥០០.០០០រៀល) ព្រមទាំងបានបិទទីតាំងអាជីវកម្ម៥ទីតាំង។

    សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចបន្តការអនុវត្តន៍ “យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងកូវីដ-១៩ នៅទូទាំងប្រទេសរយៈពេល៧ថ្ងៃបន្ថែមទៀត រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ បន្ថែមលើនេះ ក៏សម្រេចឱ្យអភិបាលរាជធានី-ខេត្តនៅទូទាំងប្រទេសកម្ពុជា ដាក់បម្រាម គោចរ នៅពេលយប់និងកំណត់ដាក់តំបន់ក្រហម លឿងទុំ និងលឿង ដើម្បីគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕

    ប្រភព​៖ ក្រសួងព័ត៌មាន

    Share This Post: