ហាមមិនស្តាប់សោះ ប្រមូលផ្ដុំគ្នាលេងកីឡាបាល់ទាត់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ចុះទៅឃាត់បាន២៥នាក់
ភ្នំពេញ ៖ កម្លាំងល្បាតគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានចុះឃាត់ទីតាំងក្លឹបកីឡាមួយកន្លែង ដែលបើកទទួលភ្ញៀវជួបជុំគ្នាលេងបាល់ទាត់ ធ្វើការឃាត់ខ្លួនបានមនុស្ស២៥នាក់ (ក្នុងនោះមានមនុស្សស្រី៣នាក់) និងដកហូតម៉ូតូចំនួន២១គ្រឿង ។ ការចុះបង្ក្រាបទីតាំងល្មើសវិធានការរដ្ឋបាលខាងលើនេះ គឺធ្វើឡើងកាលពីវេលាម៉ោង០៨:១០នាទីយប់ ថ្ងៃសៅរិ៍ ទី១៤ ខែសីហា ឆ្នាំ២០២១នេះ នៅចំណុចតារាងបាល់ទាត់ របស់ក្លឹបកីឡាមួយឈ្មោះ “ក្លឹបកីឡា សែនសុខ SEN SOK Sport” ដែលមានទីតាំងស្ថិតនៅផ្លូវបេតុង ក្រោយសាលា១០០ខ្នង ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលឃាត់ក្រុមយុវជនខាងលើ កម្លាំងល្បាតគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានចេញល្បាតពិនិត្យមើលក្នុងមូលដ្ឋាន មកដល់ចំណុចក្លឹបកីឡាខាងលើ ក៏បានចុះឃាត់ទីតាំង ការជួបជុំគ្នាលេងបាល់ដែលល្មើសនិងសេចក្តីសម្រេចលេខ២៤៩/២១ សសរ ចុះថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២១ និងលិខិតលេខ២៥៩/២១ សសរ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។
បច្ចុប្បន្នមនុស្សចំនួន២៥នាក់ ស្រី៣នាក់ និងប្រុស២២នាក់ រួមទាំងម៉ូតូ២១គ្រឿង ត្រូវបានបញ្ជូនទៅអធិការខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី។
គួរតែដឹងហើយថា ការជួបជុំប្រមូលផ្ដុំគ្នា ត្រូវបានហាមឃាត់ ដើម្បីរក្សាឱ្យមានគម្លាតសុវត្ថិភាពសង្គម ចៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ផ្ទុយទៅវិញក្រុមយុវជនទាំងនេះនៅតែគឃ្លើននឹងច្បាប់ នាំគ្នាមកយ៉ាងពពាក់ពពូនប្រមូលផ្ដុំលេងកីឡាបាល់ទាត់ ទើបសមត្ថកិច្ចឃាត់ខ្លួនយកទៅធ្វើការសាកសួរតាមនីតិវិធី នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕
