ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ក្រោយផ្លោះរបងចូលលួចសំភារៈក្នុងសាលាភាសាចិនមួយកន្លែងនៅចាក់អង្រែលើ

    BY Khmernote Media August 20, 2021
    ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ក្រោយផ្លោះរបងចូលលួចសំភារៈក្នុងសាលាភាសាចិនមួយកន្លែងនៅចាក់អង្រែលើ

    រាជធានីភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ បន្ទាប់ពីធ្វើសកម្មភាពឡើងផ្លោះរបងចូលលួចសំភារៈក្នុងសាលាភាសាចិនមួយកន្លែង ឈ្មោះ”ចុងហ្វា” ស្ថិតនៅផ្ទះលេខ១៣៤២ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចំនួន២លើកហើយគេចខ្លួនបាត់មួយថ្ងៃក្រោយមកក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវកំណត់មុខសញ្ញាបាន ក៏តាមឃាត់ខ្លួនយកមកសួរនាំតែម្ដង។

    ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងវេលាម៉ោង០២:៣០នាទីរំលងអធ្រាត្រថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្លូវលំមួយកន្លែង ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    ជនសង្ស័យមានឈ្មោះ ចាន់ សុភ័ក្រ ហៅ ”ជា” ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦បេ ផ្លូវលំ ភូមព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន) និងបក្ខពួកម្នាក់ទៀតឈ្មោះ បុត្រ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិវៀតណាម មុនរបរនិងស្នាក់នៅមិនពិតប្រាកដ កំពុងរត់គេចខ្លួន ។

    លោកវរសេនីយ៍ត្រី ជា រតនា នាយប៉ុស្តិ៍ចាក់អង្រែលើ បានប្រាប់ពីដំណើររឿងហេតុថា កាលពីវេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ឈ្មោះ លូ សៀលីន ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិតៃវ៉ាន់ បានមកប៉ុស្តិ៍ចាក់អង្រែលើ ដាក់ពាក្យបណ្តឹងអំពីបាត់ទ្រព្យសម្បត្តិ នៅក្នុងសាលារៀនចុងហ្វា ក្រោយពេលទទួលពាក្យបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍នគរបាលចាក់អង្រែលើ បានចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការឆែកកាមេរ៉ាសុវត្ថិភាពមើល បានឃើញសកម្មភាពជនសង្ស័យចំនួន០២នាក់ ធ្វើសកម្មភាពឡើងផ្លោះរបងសាលាចូលលួចសំភារៈក្នុងសាលាកើតហេតុខាងលើ លើកទី១ កាលពីវេលាម៉ោង០២:១០នាទីយប់ ឈានចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ និងលើកទី២ វេលាម៉ោង២២:០០នាទីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ រួចគេចខ្លួនបាត់ ។

    បន្ទាប់ពីពេលឆែកកាមេរ៉ាសុវត្ថិភាពមើលរួចហើយ កម្លាំងប៉ុស្តិ៍នគរបាលចាក់អង្រែលើ បានកំណត់មុខសញ្ញាច្បាស់ ក៏ចុះស្រាវជ្រាវ រហូតដល់វេលាម៉ោង០២:៣០នាទីរំលងអធ្រាត្រថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឃើញជនសង្ស័យម្នាក់ឈ្មោះ ចាន់ សុភ័ក្រ កំពុងតែឈរនៅលើផ្លូវលំ ក៏ឃាត់ខ្លួនយកមកប៉ុស្តិ៍ធ្វើការសាកសួរតែម្ដង។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានធ្វើសកម្មភាពផ្លោះរបងសាលាចូលលួចកៅអីឈើចំនួន៤កៅអី អ៉ីណុកចំនួន១ ម៉ាស៉ីនកាត់ស្មៅចំនួន២ រទេះរុញចំនួន១ ម៉ូទ័របាញ់ទឹកចំនួន២ ពិតប្រាកដមែន ចំណែកបក្ខពួកគេម្នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល ។

    បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរងចាំកសាងសុំណំរឿងចាត់ការតាមនីតិវិធី ៕

    Share This Post: