ព័ត៌មានជាតិ

ប្រុសស្រីមួយក្រុម ចូលផឹកស៊ីក្នុងហាងនៅជួរមាត់ទន្លេកោះពេជ្រ ផឹកហើយដកកាំ-ភ្លើងបាញ់មេឃ៣គ្រាប់ទៀត រួចនាំគ្នាបើកឡានជិះយ៉ាងលឿនចេញទៅបាត់

BY
srey nuch
August 21, 2021

រាជធានីភ្នំពេញ៖ សេចក្ដីរាយការណ៍បឋមបានប្រាប់ឲ្យដឹងថា យ៉ាងតិចឮស្នូរគ្រាប់កាំភ្លើងចំនួន៣គ្រាប់បានផ្ទុះឡើង បន្ទាប់ពីមនុស្សប្រុសស្រីមួយក្រុម បើករថយន្តមិនស្គាល់ម៉ាក ចូលផឹកស៊ីក្នុងហាងមួយកន្លែង នៅជួរមាត់ទន្លេក្នុងទីក្រុងកោះពេជ្រ ហើយពេលផឹកស៊ីរួចចេញទៅវិញ មិនដឹងយ៉ាងម៉េចស្រាប់តែដកកាំភ្លើងបាញ់មេឃ ៣គ្រាប់ មិនទាន់ដឹងមូលហេតុអ្វីនៅឡើយ ហើយក្រុមបុរសនារីទាំងនោះ បានឡើងរថយន្តមួយគ្រឿងបើកយ៉ាងលឿនចេញបាត់ទៅ បង្កការភ្ញាក់ផ្អើលដល់ក្រុមសន្តិសុខកោះពេជ្រ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះពិនិត្យមើលមានកម្លាំងអាវុធហត្ថខណ្ឌចំការមន បានចុះមកពិនិត្យមើលនិងសួរនាំនៅកន្លែងកើតហេតុផងដែរ តែរកមិនឃើញសំបកគ្រាប់ឡើយ។

ហេតុការណ៍ផ្ទុះអាវុធបាញ់បោះសេរីខាងលើនេះ កើតឡើង១០៖០៥នាទីយប់ ថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១នេះ នៅចំណុចម្ដុំហាងផឹកស៊ី ជួរមាត់ទន្លេ ខាងត្បូងស្ពានហង្សប្រហែល៣០ម៉ែត្រ ស្ថិតក្នុងបរិវេណទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមសម្ដីនារីម្នាក់សុំមិនបញ្ចេញឈ្មោះជាអ្នករត់តុ ក្នុងហាងផឹកស៊ីមួយកន្លែង ក្បែរកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងខ្លីៗថា នៅមុនពេលកើតហេតុ មានមនុស្សប្រុសស្រីមួយក្រុម បានចូលមកអង្គុយផឹកស៊ីក្នុងហាងកើតហេតុខាងលើ រហូតដល់ពេលស្រវឹងស្រឿងៗ បានគិតលុយរួចរាល់ មួយសន្ទុះក្រោយមកក្រុមបុរសនារីទាំងនោះបានចេញពីហាងកើតហេតុ ដោយមិនដឹងថាមានរឿងអ្វីទេ ស្រាប់តែដកកាំភ្លើង(មិនស្គាល់ម៉ាក) យកមកធ្វើសកម្មភាពបាញ់ឡើងលើមេឃចំនួន៣គ្រាប់ តែមិនមានអ្នករងរបួសឡើយ បន្ទាប់ពីធ្វើសកម្មភាពបាញ់រួច ក្រុមបុរសនារីទាំងនោះ បាននាំគ្នាជិះរថយន្តរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុតែម្ដង បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសន្តិសុខទីក្រុងកោះពេជ្រ និងកម្លាំងសមត្ថកិច្ចអាវុធហត្ថខណ្ឌចំការមន ចុះមកពិនិត្យមើល នៅកន្លែងកើតហេតុ និងសួរនាំអ្នកដែលឃើញហេតុការណ៍ ដើម្បីកំណត់មុខសញ្ញាធ្វើការស្រាវជ្រាវ តែសមត្ថកិច្ចបានដើររកមើលនៅជុំវិញកន្លែងកើតហេតុហើយ តែរកមិនឃើញសំបកគ្រាប់ឡើយ។

ស្ត្រីដែលជាអ្នកអនាម័យម្នាក់ នៅបន្ទប់ទឹកក្បែរកន្លែងកើតហេតុ ក៏បានប្រាប់អ្នកយកព័ត៌មានយើងដែរថា គាត់ក៏បានលឺសម្លេងផ្ទុះ ២-៣គ្រាប់ដែរ ហើយក៏ឃើញរថយន្តមិនស្គាល់ម៉ាក បើកចេញទៅកាត់មុខគាត់ ក្នុងល្បឿនយ៉ាងលឿនផងដែរ ហើយក៏បង្កការភ្ញាក់ផ្អើលឡើងតែម្ដង។ សន្តិសុខយាមហាងមួយកន្លែងក្បែរនោះ ក៏បានប្រាប់អ្នកយកព័ត៌មានយើងដែរថា គាត់ក៏បានលឺសម្លេងផ្ទុះ៣គ្រាប់ជាប់គ្នាដែរ។

យ៉ាងណាមិញ ករណីផ្ទុះអាវុធបាញ់បោះសេរីនេះ យើងមិនទាន់ទទួលបានការអះអាងពីសមត្ថកិច្ចណាមួយថា ផ្ដើមឡើងដោយសារអ្វីនៅឡើយទេ។ ចំណែកបងប្អូនមហាជនអាចសន្និដ្ឋានបានថា៖ សមត្ថកិច្ចជំនាញ ពិតជាអាចកំណត់មុខសញ្ញាបាន ខណៈជុំវិញទីតាំងហាងកើតហេតុ ប្រាកដជាមានកាមេរ៉ាសុវត្ថិភាព។

បច្ចុប្បន្នក្រោយពេលកើតហេតុ គេឃើញកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌចំការមន បានចុះទៅដល់តាំងកើតហេតុខាងលើ រួចធ្វើការសាកសួរម្ចាស់ហាង ដើម្បីធ្វើការស្រាវជ្រាវថា ករណីផ្ទុះអាវុធបាញ់បោះសេរីនេះពិតជាមានមែនឬមិនមាន ដើម្បីកំណត់មុខសញ្ញា តាមចាប់ខ្មាន់កាំភ្លើងនោះបន្តទៀត ៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: