រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចកំណត់ភូមិសាស្ត្រមួយចំនួន ក្នុងសង្កាត់ទឹកថ្លា និងសង្កាត់កំពង់ស្វាយ នៃក្រុងសិរីសោភ័ណ “ជាតំបន់ក្រហម” បណ្ដោះអាសន្ន
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា នៅថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសមេចក្តីសម្រេច កំណត់ភូមិសាស្ត្រមួយចំនួនក្នុងសង្កាត់ទឹកថ្លា និងសង្កាត់កំពង់ស្វាយ នៃក្រុងសិរីសោភ័ណ “ជាតំបន់ក្រហម” ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ធ្ងន់ធ្ងរ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រួមមាន៖

១-បរិវេណផ្សារទឹកថ្លា ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ
២-បរិវេណវត្តភ្នំជញ្ជាំង (ផ្លូវចូលវត្ត-តាមរបងវត្ត) ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ
៣-ខាងកើតឈាងខាងជើងវត្តទឹកថ្លា ចាប់ពីផ្លូវមុខផ្ទះ ឈ្មោះ រួម រ៉េត, អេង សំអាត, ទឹម សាវឿន, វង្ស ម៉ុង
និងឈុន ឃាង ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ
៤-បរិវេណផ្សារពង្រ ស្ថិតនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ៕

