ព្រឹកនេះ ជំនន់ទឹកភ្លៀងនៅក្រុងព្រះសីហនុ បានស្រកចុះហើយ តាមការព្យាករណ៍នឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ទៀត
តាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ នៅក្នុងក្រុងព្រះសីហនុ ចាប់ពីចន្លោះម៉ោង០៥:០០នាទីល្ងាចដល់ម៉ោង០៨:០០នាទីយប់មានភ្លៀងធ្លាក់ខ្លាំង ដោយកម្រិតទឹកភ្លៀងកើនឡើងពីចន្លោះ១២០មម ទៅដល់២៧៩មម សរុបបរិមាណទឹកភ្លៀង ២៨៥៨,១មម បណ្តាលឱ្យទឹកជន់លិចនៅតំបន់ទំនាបមួយចំនួន រហូតមកដល់ម៉ោង១០:០០នាទីយប់ ទឹកភ្លៀងបានស្រកវិញនៅតាមអូរប្រឡាយសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ។

បើយោងតាមការព្យាករណ៍នឹងមានករណីភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅខេត្តព្រះសីហនុ ដូច្នេះរដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ដោយស្វែងរកទីតាំងដែលមានសុវត្ថិភាព និងកុំចាកចេញពីផ្ទះបើគ្មានភាពចាំបាច់ ជាពិសេសកុំធ្វើដំណើរតាមដងផ្លូវជម្រាលភ្នំ និងទីកន្លែងដែលមានទឹកហូរកាត់ខ្លាំង ដើម្បីបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ