PR

“មីជាតិ វឌ្ឍនភាពអស្ចារ្យ ឆ្ពោះទៅកាន់ប្រទេសវៀតណាម”

BY
Liny Chan
September 14, 2021

ស្របពេលមានការទទួលស្គាល់លើគុណភាព និងរសជាតិឆ្ងាញ់នៃផលិតផលមីជាតិ ក្រុមហ៊ុនដែលមានស្ថាបនិកជាកូនខ្មែរ និងជាក្រុមហ៊ុនផលិតមីកញ្ចប់ រសជាតិខ្មែរដំបូងគេនៅប្រទេសកម្ពុជា បាននាំចេញផលិតផលមីជាតិជាលើកទីមួយទៅកាន់ទីផ្សារប្រទេសវៀតណាម។ នេះ ជាវឌ្ឍនភាពថ្មីដ៏អស្ចារ្យមួយទៀតក្នុងការពង្រីកវិសាលភាពផលិតផលខ្មែរចូលក្នុងទីផ្សារថ្នាក់តំបន់នាពេលបច្ចុប្បន្ន និងទៅកាន់ពិភពលោកនាពេលអនាគត។

ការបើកទំព័រនៃដំណើរថ្មីរបស់ផលិតផល មីជាតិ ក្នុងការឆ្ពោះទៅកាន់ប្រទេសរៀតណាមនេះត្រូវបានប្រព្រឹត្តឡើងដោយមានការរៀបចំសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ដែលមានការចូលរួមពីគណៈគ្រប់គ្រងនៃក្រុមហ៊ុនមីជាតិ និងតំណាងចែកចាយលក់បន្តនៅក្នុងប្រទេសវៀតណាម ព្រមទាំង ភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។

ក្នុងសន្និសីទសារព័ត៌មាននេះ លោកជំទាវ ជឹង សុគន្ធាវី នាយិកា ក្រុមហ៊ុនវ័នម៉រ មេនូហ្វេកឆឺរីង (មីជាតិ) បានមាន ប្រសាសន៍ថា “ការនាំចេញជំហានដំបូងនេះគឺជាការឆ្លុះបញ្ចាំង ពីការជឿជាក់លើគុណភាពផលិតផលមីជាតិ នៅក្នុងកម្រិតស្តង់អន្តរជាតិមួយ ស្របជាមួយតម្រូវការទីផ្សារក្នុងប្រទេសជិតខាងផងដែរ។” ការនាំចេញនេះបានផ្តល់ជាកាលានុវត្តភាពថ្មីមួយទៀត សម្រាប់ផលិតផលមីជាតិក្នុងការបង្ហាញខ្លួនលើទីផ្សារអន្តរជាតិ ខណៈពេលគុណភាព និងរសជាតិនេះ បានទទួលស្គាល់រួចជាស្រេចពីសំណាក់ប្រជាជននៅក្នុងស្រុក។”

ឯកឧត្តម ឡាវ វ៉ាន់ នាយកប្រតិបត្តិ ក្រុមហ៊ុនវ័នម៉រ មេនូហ្វេកឆឺរីង បានបន្តថាការនាំចេញនេះពិតជាបានផ្តល់ភាពវិជ្ជាមានជាច្រើនដល់ផលិតផលមីជាតិ ដែលស្របជាមួយបរិការណ៍ នៃការទទួលស្គាល់ពីគុណភាព និងរសជាតិឆ្ងាញ់ របស់មីជាតិពីសំណាកប្រជាជនក្នុងស្រុក។ ជាពិសេស នេះជាមោទនភាពមួយដែលផលិតផលមីកញ្ចប់ក្នុងស្រុក របស់យើងមានវត្តមានក្នុងទីផ្សារអន្តរជាតិ។

លោកបានបន្តទៀតថា មីជាតិ បានផលិតឡើងក្នុងស្តង់ដារមួយដ៏ត្រឹមត្រូវតាំងពីការបង្កើតដំបូង ដើម្បីសម្រេចនូវទស្សនៈវិស័យរបស់យើង ជាផលិតផលចំណីអាហារដែលគេគ្រប់គ្នាទទួលស្គាល់។ ហើយថ្ងៃនេះជាដំណើរឆ្ពោះទៅមុខមួយដំណាក់កាលទៀត ដែលក្រុមហ៊ុនបានខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់វិស័យចំណីអាហារវេចខ្ចប់នៅកម្ពុជា។

ក្នុងសន្និសីទសារព័ត៌មាននេះដែល លោកជំទាវ ហ៊ីវ រតនា តំណាងដៃគូចែកចាយមីជាតិទៅបរទេស បានមានប្រសាសន៍ថា នេះជាជំហានដំបូងក្នុងកិច្ចសហការជាមួយក្រុមហ៊ុនមីជាតិ។ យើងពិតជាជឿជាក់លើគុណភាព និងសុវត្ថិភាព នៃផលិតផលមួយនេះ។ ជាមួយគ្នានេះផងដែលយើងបានធ្វើការសិក្សាយ៉ាងល្អិតល្អិនបំផុតលើគុណភាព និងរសជាតិ របស់មីជាតិ ក៏ដូចជាតម្រូវការមីកញ្ចប់ក្នុងទីផ្សាប្រទេសវៀតណាមផងដែរ។

លោកជំទាវ ហ៊ីវ រតនា បានបន្តទៀតថាតម្រូវការ មីកញ្ចប់ក្នុងប្រទេសវៀតណាម មានការកើនឡើងខ្ពស់ ក្នុងបរិបទនៃការរីករាលដាល នៃជំងឺកូវីដ១៩នេះ។ យើងជឿជាក់ថាផលិតផលមីជាតិ នឹងទទួលបានការគាំទ្រពីប្រជាជននៅទីនោះ។

ដើម្បីបំពេញនូវលក្ខខណ្ឌក្នុងការនាំចេញ កម្រិតគុណភាព និងសុវត្ថិភាពចំណីអាហារ ត្រូវបានឆ្លងកាត់ការសិក្សា និងវាយតម្លៃយ៉ាងយកចិត្តទុកដាក់បំផុត ដោយក្រសួងនិងស្ថាប័នពាក់ព័ន្ធ លើបទដ្ឋានស្តង់ដារដើម្បីធានាដល់ការនាំចេញប្រកបដោយសុវត្ថិភាព និងគុណភាព។ មីជាតិ មោទនភាព ផលិតផលជាតិ។ គួរបញ្ជាក់ផងដែរថា ផលិតផលមីជាតិត្រូវបាននាំចេញដោយក្រុមហ៊ុន Viet thai phat Co., Ltd ដែលមានអាសយដ្ឋាននៅក្នុងខេត្តអានជាំង ប្រទេសវៀតណាម៕

Share This Post: