ព័ត៌មានជាតិ

កម្ពុជានឹងពិភាក្សាជាមួយចិន ដើម្បីឱ្យនិស្សិតខ្មែរដែលចាក់វ៉ាក់សំាងរួចអាចត្រឡប់ ទៅសិក្សានៅប្រទេសចិនវិញបាន

BY
srey nuch
September 17, 2021

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្តេចតេជោនាយករដ្ឋមន្រ្តីបានស្នើឱ្យ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ធ្វើការពិភាក្សាជាមួយភាគីចិន ដើម្បីឱ្យនិស្សិតរបស់កម្ពុជាដែលបានចាកចេញពីប្រទេសចិនក្នុងអំឡុងពេលផ្ទុះកូវីដ-១៩ ហើយបានចាក់វ៉ាក់សំាង រួចរាល់អាចទៅបន្តការសិក្សានៅប្រទេសចិនវិញ ដើម្បីងាយស្រួលក្នុងការសិក្សា។

ថ្លែងក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារអាយុពី៦ឆ្នាំ ដល់អាយុក្រោម១២ ឆ្នាំ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នៅវិមានសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កាលពីកន្លងទៅ ក្មួយៗជានិស្សិតកម្ពុជា ដែលបានទៅសិក្សានៅប្រទេសចិន ហើយបានត្រឡប់មកកម្ពុជាវិញ បានចូលទៅក្នុងផេកហ្វេកប៊ុករបស់សម្តេច ដោយបានស្នើ សុំឱ្យសម្តេចជួយធ្វើយ៉ាងណា ដើម្បីអាចត្រឡប់ទៅសិក្សានៅប្រទេសចិនវិញ ខណៈដែលពួកគាត់បានត្រឡប់មកកម្ពុជាវិញ តាំងពីដើមឆ្នាំ ២០២០មកម្ល៉េះ។ សម្តេចតេជោបន្តថា កាលពីកន្លងទៅ សម្តេចធ្លាប់បាននិយាយថា ប្រសិនបើនិស្សិតកម្ពុជារត់ចោលចិន ក្នុងដំណាក់កាល មានការរីករាលដាលកូវីដ-១៩ នោះនិស្សិតទាំងអស់នឹងពិបាកក្នុងការត្រឡប់ទៅសិក្សានៅចិនវិញ។

សម្តេចតេជោបញ្ជាក់ថា ទោះជាបែបនេះក្តី ក៏កម្ពុជាមិនបោះបង់ចោលការខិតខំនោះទេ ដើម្បីធ្វើយ៉ាងណា ឱ្យនិស្សិតកម្ពុជាអាច ត្រឡប់ទៅសិក្សានៅប្រទេសចិនវិញបាន។ ដូច្នោះ សម្តេចតេជោបានស្នើឱ្យឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ធ្វើការពិភាក្សាជាមួយមិត្តចិន ដើម្បីធ្វើយ៉ាងណាឱ្យនិស្សិតខ្មែរយើងបានត្រឡប់ទៅសិក្សានៅប្រទេសចិនវិញ បន្ទាប់ពីពួកគាត់បានសម្រេចមកខ្មែរវិញ ក្នុងអំឡុងពេលដែលមានករណីផ្ទុះកូវីដ១៩ ខ្លាំងនៅប្រទេសចិន។

«ខ្ញុំបានចាប់អារម្មណ៍តាំងពីដើមទីមកម្ល៉េះ បានជាខ្ញុំមានការខ្វាយខ្វល់ជាមួយនឹងអនាគតរបស់ពួកគេ ហើយមនុស្សមួយចំនួនមានការទិតៀនលើខ្ញុំ ហើយឥឡូវវាក្លាយជាការពិតហើយ ព្រោះពេលនោះខ្ញុំបាននិយាយថា ប្រសិនបើនិស្សិតរបស់យើងរត់ចោលចិន ក្នុងដំណាក់កាលនោះ ខ្ញុំបារម្ភក្រែងលោពិបាកត្រឡប់ទៅប្រទេសចិនវិញ។ អ៊ីចឹងបានជាខ្ញុំបានជាទៅកាន់ប្រទេសចិន គឺម៉្យាងដើម្បីទៅសួរសុខ ទុក្ខនិងចូលរួមរំលែកផ្ដល់កម្លាំងចិត្តក្នុងការប្រយុទ្ធជា មួយកូវីដ១៩ នៅម៉្យាងទៀតជាសារមួយបញ្ជាក់កុំឱ្យបង ប្អូននិស្សិតខ្មែរចាកចេញពីប្រទេសចិន ក្នុងគ្រាដែលមិត្តចិនមានការលំបាក។ ហើយឥឡូវវាបានដើរដល់ដំណាក់ កាលនេះហើយ ជួនកាលគេអាចគិតថា នៅពេលដែលពិបាកយើងរត់ចោលគេ អ៊ីចឹងមិនបាច់មកវិញទេ អ៊ីចឹងរៀនតាមអនឡាញហ្នឹងទៅ។ ប៉ុន្តែយើងមិនបោះបង់ចោលការខិតខំនោះទេដូចនេះ សុំឱ្យឯកឧត្តមហង់ជួនណារ៉ុន ធ្វើ ការពិភាក្សាជាមួយមិត្តចិន ដើម្បីឱ្យពួកនិស្សិតរបស់យើងអាចវិលត្រឡប់ទៅប្រទេសចិនវិញរៀនផ្ទាល់តែម្ដង ។ រឿននេះវាប្រហាក់ប្រហែលជាមួយនឹងអ្វីដែលកើតឡើងនៅប្រទេសកូរ៉េខាងជើង ពេល នោះខាងថៃបានត្រៀមយន្តហោះជម្លៀសកម្មករចេញពីកូរ៉េខាងត្បូង ខ្លាចមានសង្គ្រាម ព្រោះពេលនោះកូរ៉េខាងជើងបានប្រកាសថាវាយកូរ៉េខាងត្បូង មនុស្សមួយចំនួនបក្សប្រឆាំងពេលនោះ ហើយឥឡូវនេះបែរជាទៅជាខ្មោចបក្ស បានទិតៀនខ្ញុំមិនតិចទេ ថាយើងមិនយកចិត្តទុកដាក់ពលកររបស់យើង តែខ្ញុំបានឆ្លើយត្រឡប់ទៅវិញថា បើប្រជាជនកូរ៉េ គេរស់នៅបានយ៉ាងម៉េចយើងត្រូវរស់បានជាមួយគេទៅ បើយើងរត់ចេញមកហើយកុំសង្ឃឹមថាយើងនឹងអាចធ្វើការនៅប្រទេសគេវិញបាន។ ហើយករណីនេះគឺវាដូចគឺរឿងនិស្សិតខ្មែរ ដែរនិស្សិតមួយចំនួនបានបន្តការរៀនរហូតដល់ចប់ គេអត់បានទៅណា ហើយនិស្សិតមួយចំនួនបានរត់ចេញ ហើយឥឡូវបានចាប់ផ្តើមចូលដល់ស្ថានភាពដែលខ្ញុំធ្លាប់បាននិយាយតាំងពីដើម ថាយើងត្រូវតែមានការទទួលខុសត្រូវ ដើម្បីពិភាក្សាជាមួយនឹងមិត្តចិនឱ្យនិស្សិតរបស់យើងបានវិល ត្រឡប់ទៅរៀននៅប្រទេសចិនវិញ»៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: