ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរខេត្តសៀមរាបប្រើវិធានការក្តៅ ចំពោះអ្នកមិនគោរពច្បាប់ក្នុងតំបន់ក្រហម

    BY Khmernote Media September 20, 2021
    អាជ្ញាធរខេត្តសៀមរាបប្រើវិធានការក្តៅ ចំពោះអ្នកមិនគោរពច្បាប់ក្នុងតំបន់ក្រហម

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ដោយឃើញថា ប្រជាពលរដ្ឋមួយចំនួននៅមិនទាន់គោរពតាមច្បាប់ ក្នុងតំបន់ក្រហម នៅភូមិសាស្ត្រ សង្កាត់ស្លក្រាម សង្កាត់ស្វាយដង្គំ សង្កាត់គោកចក សង្កាត់ជ្រាវ និងភូមិតាវៀន សង្កាត់សាលាកំរើក ភូមិព្រៃធំ ភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។

    អាជ្ញាធរខេត្តសៀមរាប បានចាប់ផ្តើម ប្រើប្រាស់វិធានការក្តៅ ដោយធ្វើការឃាត់ទុកនូវមធ្យោបាយធ្វើដំណើរ ជាច្រើនគ្រឿង ដែលល្មើសទៅ នឹងបម្រាមយកទៅរក្សាទុកនៅអធិការ ដ្ឋាននគរបាលក្រុងសៀមរាបជាបណ្តោះអាសន្នសិន។

    ការចាប់ផ្តើមប្រើវិធានការក្តៅនេះ ដោយសាររដ្ឋបាលខេត្តមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ នៅតំបន់ក្រហម នៅក្នុងក្រុងសៀមរាបនេះ ដោយមូលហេតុថា បងប្អូនប្រជាពលរដ្ឋមួយចំនួនមិនទាន់បានសហការ មិនអនុវត្តន៍តាមការ ណែនាំរបស់អាជ្ញាធរ។ ដោយមិនចេះការពារខ្លួន និងក្រុមគ្រួសាររបស់ខ្លួន ដែលជាហេតុនាំមេរោគចម្លងបន្តទៅដល់អ្នកដទៃក្នុងសហគមន៍ ។

    ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបង្ហាញពីសោកស្តាយដែលយើងមកដល់ចំណុចនេះ។ ឯកឧត្តមក៏សូមបងប្អូនប្រជាពលរដ្ឋយោគយល់ ដែលឯកឧត្តមពិតជាមិនចង់បន្តដាក់តំបន់ក្រហមមួយសប្តាហ៍ទៀតទេ តែបើបងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែមិនសហការ មិនអនុវត្តន៍តាមការណែនាំ បំពាន និងមិនមានការឈ្វេងយល់ពីហានិភ័យនៃជំងឺកូវីដ-១៩ ជាពិសេសតំបន់ក្រហមនោះ យើងនឹងមិនអាចមករកសភាពដើមវិញបានទេ។

    ឯកឧត្តមអភិបាលខេត្ដក៏សូមឱ្យពុកម៉ែបងប្អូនទាំងអស់ ត្រូវរស់នៅតាមបែបគន្លងថ្មី ការពារខ្លួនឯងស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក និងអនុវត្តឱ្យបានល្អនូវវិធានការ ៣ការពារ ៣កុំ ។

    សូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប បានសម្រេចដាក់ សង្កាត់ចំនួន៤ និងភូមិចំនួន០៣ នៃក្រុងសៀមរាប កំណត់ជា “តំបន់ក្រហម” ក្នុងមាន សង្កាត់ស្លក្រាម សង្កាត់ស្វាយដង្គំ សង្កាត់គោកចក សង្កាត់ជ្រាវ និងភូមិតាវៀន សង្កាត់សាលាកំរើក ភូមិព្រៃធំ ភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាតំបន់ឆ្លងជំងឺកូវិដ១៩ ជាបណ្ដោះអាសន្ន រយៈពេល ១សប្ដាហ៍ ដោយគិតចាប់ពីវេលាម៉ោង ១៣:០០ នាទីរសៀល នាថ្ងៃទី១៧ ខែកញ្ញា រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕ ដោយ ឃុត សៅ សម្រួលផ្សាយដោយ៖ ធូ កុសល

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: