អាជ្ញាធរខេត្តបន្ទាយមានជ័យ អំពាវនាវដល់ពលរដ្ឋរស់នៅតាមបណ្តោយ អូរព្រំដែនកម្ពុជា-ថៃ និងដងស្ទឹងមង្គលបូរី ឱ្យបង្កើនការប្រយ័ត្នខណៈទឹកកំពុងហក់ឡើង
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា អាជ្ញាធរ កម្លាំងប្រដាប់អាវុធខេត្តបន្ទាយមានជ័យ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយអូរព្រំដែនកម្ពុជា-ថៃ ក្នុងក្រុងប៉ោយប៉ែត និងតាមដងស្ទឹងមង្គលបូរី សូមឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈស្ថានភាពទឹកចេះតែហក់ឡើង ដោយសារតែទឹកភ្លៀងបានធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ។

លោក រត្ន័ ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីនៅ ព្រឹកថ្ងៃ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានជម្រាបជូនដល់បងប្អូន រស់នៅតាមបណ្តោយដងស្ទឹងមង្គលបូរី សូមធ្វើការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយសញ្ញាគ្រោះ ថ្នាក់នឹងមកដល់ បើភ្លៀងនៅតែបន្តធ្លាក់ និងស្ថានភាពទឹកស្ទឹងចេះតែហក់ឡើង។ ដូចនេះសូម ត្រៀមលក្ខណៈសម្បត្តិ មធ្យោបាយដឹកជញ្ជូនទូកកាណូត អាវពោង និងរកទីទួលសុវត្ថិភាព ដើម្បីសង្រ្គោះអាយុជីវិតពីគ្រោះមហន្តរាយ នៃជំនន់ទឹកភ្លៀងនេះ។
លោកអភិបាលស្រុកមង្គលបូរី បានប្រាប់ឱ្យដឹងដែរថា ជំនន់ទឹកភ្លៀងបានជន់លិចនៅតំបន់ខ្លះហើយតាមបណ្តាយដងស្ទឹងមង្គលបូរី មានឃុំសឿ, ឃុំចំណោម, ឃុំរហាត់ទឹក តែពុំ ទាន់ធ្ងន់ធ្ងរនៅឡើយទេ។ ប៉ុន្តែប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ជាប់ៗច្រើនថ្ងៃទៀតនោះ ទំហំ នៃការជន់លិចកាន់តែធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋយើង។
រីឯឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានប្រាប់ឱ្យដឹងដែរថា នៅយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ លោក បានបញ្ជាកម្លាំងអន្តរាគមន៍ មានមធ្យោបាយ សម្ភារ ដោយសហការជាមួយកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋានត្រៀមជួយសង្រ្គោះ ប្រជាពលរដ្ឋរស់នៅជិតមាត់អូរតាមព្រំដែន ក្នុងក្រុងប៉ោយប៉ែត។ ដោយសារទឹកភ្លៀងបានបន្ត ធ្លាក់ជាប់គ្នានៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ បណ្តាលឱ្យទឹកអូរតាមព្រំដែនកម្ពុជា-ថៃ បាន ហក់ឡើងគួរឱ្យបារម្ភនោះ។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា កងកម្លាំងអន្តរាគមន៍របស់កងពលតូចថ្មើរជើង លេខ៥១ ដែលត្រៀមអន្តរាគមន៍ ក៏បានត្រៀមលក្ខណ:ប្រុងប្រៀបរួចជាស្រេច ក្នុងការជួយអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ តាមសំណូមពររបស់អាជ្ញាធរមូលដ្ឋាន។ ជាមួយនោះលោក ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មអំពាវនាវដល់ពុកម៉ែបងប្អូន ដែលរស់នៅជិតមាត់អូរតាមខ្សែបន្ទាត់ ព្រំដែនកម្ពុជា-ថៃ សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកូន ចៅតូចៗ និងសត្វអសិរពិស ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតនោះ។
អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី ក៏បានក្រើនរម្លឹកដល់អាជ្ញាធរនៅតាម មូលដ្ឋាន កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលសុទ្ធសឹងជាខ្សែបណ្តាញរបស់គណៈកម្មាធិ ការគ្រប់គ្រងគ្រោះមហន្តរាយនោះ ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធក្នុងការផ្សព្វផ្សាយព័ត៌មាន គ្រោះមហន្តរាយ ជូនប្រជាពលរដ្ឋ និងត្រូវត្រៀមលក្ខណៈសម្បត្តិ ដើម្បីជួយសង្គ្រោះពួកគាត់ ពេលមានគ្រោះមហន្តរាយកើតឡើង ៕



ប្រភព៖ ក្រសួងព័ត៌មាន