ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរក្រុងសៀមរាប ចេញយុទ្ធនាការចែកថ្នាំ លៀនហ័រ ឈីងវីន ជូនប្រជាពលរដ្ឋ ក្នុងតំបន់ក្រហម

    BY Khmernote Media September 20, 2021
    អាជ្ញាធរក្រុងសៀមរាប ចេញយុទ្ធនាការចែកថ្នាំ លៀនហ័រ ឈីងវីន ជូនប្រជាពលរដ្ឋ ក្នុងតំបន់ក្រហម

    សៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា អាជ្ញាធរមូលដ្ឋាន នៃតំបន់ក្រហមក្រុងសៀមរាប និយាយថា ការចែកឱសថ លៀនហ័រ ឈីងវីន ជូនប្រជាពលរដ្ឋ គឺជាផ្នែកមួយ នៃវិធានការសំខាន់ទាំង៣ ដែលកម្ពុជា បានដាក់ចេញអនុវត្តប្រចាំថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ !

    អាជ្ញាធរមូលដ្ឋាននៅក្នុងភូមិសាស្រ្តសង្កាត់ចំនួន៤ នៃក្រុងសៀមរាប រួមមានសង្កាត់គោកចក សង្កាត់ស្វាយដង្គំ សង្កាត់ស្លក្រាម និងសង្កាត់ជ្រាវ កំពុងស្ថិតក្នុងយុទ្ធនាការចែកឱសថ ដែលមានឈ្មោះថា លៀនហ័រ ឈីងវីន ( Liaonian Qingwen Capsules ) ជាអំណោយមហាមិត្តចិន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា។ ឱសថទាំងនេះ បានបញ្ជូនមកដល់ខេត្តសៀមរាប តាមរយ:នៃការបែងចែករបស់ក្រសួងសុខាភិបាល។

    លោក ទិត សុខុម ប្រធានភូមិត្រពាំងសេះ នៃសង្កាត់គោកចក ក្រុងសៀមរាប បានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ ខណ:ពេលដែលលោកបានដឹកនាំក្រុមការងារ ក្នុងយុទ្ធនាការចែកឱសថទាំងនេះ តាមខ្នងផ្ទះជូនដល់ដៃប្រជាពលរដ្ឋដោយផ្ទាល់។ លោកបញ្ជាក់ថា អ្នកជំនាញវេជ្ជសាស្ត្រ នៃមន្ទីរសុខាភិបាលខេត្ត បានពន្យល់ដល់ក្រុមការងារឲ្យបានយល់ដឹងថា ឱសថនេះជាប្រភេទថ្នាំព្យាបាលជម្ងឺ ដែលមានអាការ:ក្តៅខ្លួន ក្អក ឈឺបំពង់ក និងការពារការរលាកសួតជាដើម អាចថាជាថ្នាំព្យាបាលជម្ងឺផ្តាសាយ ដែលអាការ: ទាំងនេះ វាដូចគ្នាទៅនឹងអាការ:សង្ស័យនៃជម្ងឺកូវីដ-១៩ដែរ វាមិនមែនជាថ្នាំព្យាបាលជម្ងឺកូវីដ-១៩នោះទេ តែវាមានគុណប្រយោជន៍ដល់ការកាត់បន្ថយហានីភ័យ នៃការឆ្លងជម្ងឺកូវីដ-១៩ ក្នុងសហគមន៍។

    លោក បានបង្ហាញនូវការចាប់អារម្មណ៍ថា ភូមិត្រពាំងសេះ ស្ថិតិប្រជាពលរដ្ឋស្នាក់នៅអចិន្ត្រៃយ៍ប្រមាណជាង ២ពាន់គ្រួសារ ស្មើនឹងជិត ១ម៉ឺននាក់ បើរាប់ទាំងប្រជាពលរដ្ឋស្នាក់នៅបណ្តោះអាសន្នបន្ថែមទៀត ការចែកថ្នាំនេះនឹងអាចកើនដល់ជាង ១ម៉ឺននាក់ ដែលក្នុងម្នាក់ៗត្រូវបានទទួលថ្នាំនេះ ពិសារក្នុងរយ:ពេល ៥ថ្ងៃ ១ថ្ងៃ ៣ពេល និងត្រូវពិសារឲ្យបានទៀងទាត់តាមវេជ្ជបញ្ជា។

    លោកបានបញ្ចាក់ឲ្យដឹងថា យុទ្ធនាការនេះគឺជាសកម្មភាពតែមួយក្នុងតំបន់ក្រហម នៃក្រុងសៀមរាប ដែលពិតជាត្រូវបានខិតខំជម្រុញការចែកថ្នាំនេះនៅបណ្តាគ្រប់ភូមិសង្កាត់ទាំងអស់ ឲ្យបានលឿន ឆាប់រហ័សដល់ដៃប្រជាពលរដ្ឋអ្នកប្រើប្រាស់។ តាមរយ: នៃការផ្តល់ឱសថនេះ ក្នុងនាមប្រជាពលរដ្ឋ លោកសង្ឃឹមថា តំបន់ក្រហមនឹងត្រូវដកចេញពីក្រុងសៀមរាប ក្នុងពេលឆាប់ៗនេះ ហើយអ្វីដែលចងចាំមិនអាចបំភ្លេចបាន គឺឧបការគុណដ៏ធំធេង នៃសម្តេចតេជោប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា ស្ថាបនិកយុទ្ធសាស្រ្តកម្ពុជា ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩។

    បើតាមប្រភពដំណឹងចេញពីបណ្តាញសង្គមហ្វេសប៊ុករបស់លោកស្រី លី វណ្ណ: មន្រ្តីមន្ទីរសុខាភិបាលខេត្តសៀមរាប បានឲ្យដឹងថា ឱសថ លៀនហ័រ ឈីងវីន ត្រូវបាននាំបញ្ចេញពីឈ្លាំងឱសថមន្ទីរសុខាភិបាលខេត្ត ទៅកាន់មូលដ្ឋានគោលដៅតាំងតែពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។ លោកស្រីបានឲ្យដឹងបន្ថែមតាមទូរសព្ទដែរថា ស្រុកពួក អាចជាគោលដៅបញ្ជូនឱសថទាំងនេះ ផងដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល

    Share This Post: