រដ្ឋបាលខេត្តកំពង់ចាម សម្រេចបិទកំណាត់ផ្លូវលេខ៧ ស្ថិតក្នុងភូមិខ្វិតធំ ស្រុកព្រៃឈរ ជាបណ្ដោះអាសន្ន និងមិនអនុញ្ញាតឲ្យមានរថយន្តធុនធ្ងន់គ្រប់ប្រភេទឆ្លងឡើយ
ខេត្តកំពង់ចាម៖ យោងតាមការសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ស្ថានភាពធាតុអាកាស កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ ដែលធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងបន្តទទួលរងនូវឥទ្ធិពល នៃជ្រលសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ ធ្វើឲ្យមានភ្លៀងជាបន្តបន្ទាប់ក្នុងកម្រិតពីតិចទៅមធ្យម។

រដ្ឋបាលខេត្តកំពង់ចាម សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ សាធារណជន និងបងប្អូនម្ចាស់រថយន្តធុនធ្ងន់ និងរថយន្តក្រុមហ៊ុនដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ឲ្យបានជ្រាប់ថា៖ ភូមិសាស្ត្រក្នុងខេត្តកំពង់ចាមមួយចំនួនរងផលប៉ះពាល់ជំនន់ទឹកភ្លៀង ធ្វើឲ្យជន់លិចផ្លូវខេត្ត និងផ្លូវជាតិមួយចំនួន ធ្វើឲ្យខូចផ្លូវ និងអាចបង្កឲ្យមានគ្រោះថ្នាក់ ក្នុងការធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេង៧នេះ។ ដើម្បីធានាបាននូវសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ និងទប់ស្កាត់ការរងខូចខាត់ផ្លូវ រដ្ឋបាលខេត្តកំពង់ចាម សូមធ្វើការបិទកំណាត់ផ្លូវលេខ ៧នៅត្រង់ចំនុចបង្គោលលេខ៨៩ ដល់បង្គោលេខ៩១ ស្ថិតក្នុងភូមិខ្វិតធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ជាបណ្ដោះអាសន្ន និងមិនអនុញ្ញាតឲ្យមានរថយន្តធុនធ្ងន់ និងរថយន្តក្រុមហ៊ុនដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទឆ្លងឡើយ។
ចំពោះបងប្អូនប្រជាពលរដ្ឋសាធារណជន និងបងប្អូនម្ចាស់រថយន្តធុនធ្ងន់គ្រប់ប្រភេទ ដែលធ្វើដំណើរចេញពីក្រុងកំពង់សៀម ឆ្លងកាត់ក្នុងភូមិសាស្ត្រដូចបញ្ជាក់ខាងលើ ឆ្ពោះទៅស្រុកជើងព្រៃ និងរាជធានីភ្នំពេញ ត្រូវវៀងតាមផ្លូវជាតិលេខ៦០(ផ្លូវទឹកឆា) ឬធ្វើដំណើរតាមផ្លូវជាតិលេខ៧០ ត្រង់កែងផ្សារព្រៃទទឹង និងផ្លូវខេត្ត២៧០ ឆ្លងកាត់តាមស្រុកកងមាស ឆ្ពោះទៅរកាកោង ខេត្តកណ្ដាល ៕



