បច្ចេកវិទ្យា

មុខងារ SharePlay របស់ក្រុមហ៊ុន Apple បានបង្ហាញខ្លួននៅលើ iOS 15.1 beta ក្រោយពីបានខកខានមិនអាចចេញដំណាលគ្នាជាមួយ iOS 15

BY
autoadmin
September 22, 2021

យោងតាមគេហទំព័រ 9to5Mac បានឱ្យដឹងថា SharePlay បានត្រឡប់មកវិញនៅក្នុង iOS 15.1 beta បន្ទាប់ពីក្រុមហ៊ុន Apple បានពន្យារពេលមុខងារសំខាន់របស់ iOS 15 មួយនេះ រហូតដល់ចុងរដូវស្លឹកឈើជ្រុះ ជំនួសឱ្យការចេញដំណាលគ្នាជាមួយ iOS 15 តាមផែនការ។ មុខងារ SharePlay អាចនឹងមានប្រយោជន៍នៅក្នុងអំឡុងពេលមានជំងឺ COVID-19 ដោយសារថា វាអាចឱ្យអ្នកប្រើប្រាស់ចែករំលែកវីដេអូ និងតន្ត្រី -ល- តាមរយៈ FaceTime របស់ពួកគេ។ ការចេញឱ្យសាកល្បងនៅលើ iOS beta នៅថ្ងៃអង្គារនេះ មានន័យថាវាអាចនឹងមកដល់ជាផ្លូវការឆាប់ជាងការរំពឹងទុក បើទោះបីជាយើងមិនអាចដឹងថ្ងៃចេញប្រើប្រាស់ជាក់លាក់ក៏ដោយ។

ចំណែកឯ MacRumors បានរាយការណ៍ថា iOS 15.1 beta ក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់ដាក់បញ្ចូលកាតវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ពួកគេទៅក្នុង Wallet នៅពេលអ្នកប្រើប្រាស់បានបញ្ចូលវាទៅមុខងារ Health របស់ពួកគេជាលើកដំបូងផងដែរ។ វាស្រដៀងគ្នាទៅនឹងរបៀបមុខងាររបស់ Google ដែលអ្នកនឹងត្រូវយកព័ត៌មានវ៉ាក់សាំងពីអ្នកផ្តល់សេវាវេជ្ជសាស្ត្រ ឬប្រព័ន្ធថែទាំសុខភាពរដ្ឋរបស់អ្នក មុនពេលអ្នកអាចបញ្ចូលវាទៅក្នុងទូរស័ព្ទរបស់អ្នក។ ក្រុមហ៊ុន Apple និយាយថា មុខងារពិសេសនេះប្រើទំរង់ SMART Health Card ដែលបច្ចុប្បន្នត្រូវបានគាំទ្រដោយរដ្ឋ និងអ្នកផ្តល់វ៉ាក់សាំងធំៗមួយចំនួននៅសហរដ្ឋអាមេរិក៕

អត្ថបទ៖ លីដា
ប្រភព៖ 9to5mac

Share This Post: