អាជ្ញាធររាជធានីភ្នំពេញ ចេញយុទ្ធនាការចុះយកសំណាកព្រះសង្ឃ តាអាចារ្យ តាជី យាយជី និងកូនសិស្សលោក នៅតាមវត្តអាមរាមទាំងអស់នៅក្នុងរាជធានីភ្នំពេញ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ អាជ្ញាធររាជធានីភ្នំពេញ បានចេញយុទ្ធនាការចុះយកសំណាកព្រះសង្ឃ តាអាចារ្យ តាជី យាយជី និងកូនសិស្សលោក នៅតាមវត្តអាមរាមទាំងអស់នៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីមានវត្តអារាមមួយចំនួនមានការផ្ទុះជំងឺកូវីដ-១៩។ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា យុទ្ធនាការនេះមានក្រុមគ្រូពេទ្យមន្ត្រីសុខាភិបាលជាង១០០នាក់ សហការជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ចុះទៅយកសំណាកតាមវត្តអារាមចំនួន ១៥១នាក់ ដោយក្នុងនោះ ខាងមន្ទីរសុខាភិបាលជាង៧០វត្ត និងក្រុមគ្រូពេទ្យ TYDA ជាង៧០វត្ត។ យុទ្ធនាការចុះយកសំណាកតាមវត្តអារាមនេះផងដែរមានរយៈពេល២ថ្ងៃ គឺថ្ងៃទី២៤-២៥ ខែកញ្ញា ឆ្នាំ២០២១។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋាភិបាលបានចេញសេចក្តីសម្រេចមួយដោយធ្វើការផ្អាករៀបចំពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ ខណៈពេលដែលរយៈពេល២ថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌ រកឃើញករណីវិជ្ជមាននៅតាមវត្តអារាមនានាមួយចំនួន៕
