មូលហេតុ ៤ យ៉ាង ដែលធ្វើឱ្យរថយន្តថ្មី ដែលអ្នកបញ្ជាទិញមកដល់ប្រទេសកម្ពុជាយឺតយ៉ាវ
- BY
- Liny Chan
- October 8, 2021
នៅពេលអ្នកបញ្ជាទិញរថយន្តថ្មី ជាធម្មតាអ្នករំពឹងថាវានឹងទិញបានភ្លាមៗ ឬចំណាយពេលបន្តិច ឬរង់ចាំប្រហែល ៦ទៅ ៨សប្តាហ៍ទើបរថយន្តមកដល់ហាងរថយន្ត។ ឥឡូវនេះការរង់ចាំបានកើនឡើងយ៉ាងខ្លាំងចំពោះម៉ាក និងម៉ូដែលរថយន្តមួយចំនួនដោយសារតែកង្វះខាតបន្ទះឈីបនៃប្រព័ន្ធបញ្ផារថយន្ត (Chip Shortage) និងបញ្ហាផលិតកម្ម ដែលបង្កឡើងដោយ Covid-19 ។ ជាទូទៅរថយន្តថ្មីអាចត្រូវការបន្ទះឈីបនៃប្រព័ន្ធបញ្ផារថយន្តរហូតដល់ ១៤០០ ដើម្បីគ្រប់គ្រងប្រព័ន្ធផ្សេងៗជាច្រើនដូចជា: អូតូកញ្ចក់ក្តោប, អេក្រង់កម្សាន្ត និងប្រព័ន្ធសុវត្ថិភាពជាច្រើនទៀត។
ចាប់តាំងពីដើមឆ្នាំ២០២០ជំងឺរាតត្បាតទូទាំងសកលលោកបានជំរុញឱ្យក្រុមហ៊ុនផលិតរថយន្ត, អ្នកផ្គត់ផ្គង់ និងអ្នកចែកចាយរថយន្តមួយចំនួនត្រូវបិទទ្វារ។ សេដ្ឋកិច្ចបានធ្លាក់ចុះហើយវាមានហេតុផលជាច្រើនដែលធ្វើឱ្យរថយន្តមានការយឺតយ៉ាវក្នុងការចែកចាយមកភ្នាក់ងារលក់នៅតាមបណ្តាប្រទេសជាច្រើន ហើយវាក៏រួមបញ្ចូលទាំងការចែកចាយមកកម្ពុជាផងដែរ។ ហេតុផលមួយចំនួននោះមានដូចជា៖
១. កង្វះបន្ទះឈីបនៃប្រព័ន្ធបញ្ផារថយន្ត: នេះគឺជាលទ្ធផលនៃការរីករាលដាលនៃជំងឺកូវីដ១៩ដែលបង្កើនតម្រូវការគ្រឿងអេឡិចត្រូនិកផ្ទាល់ខ្លួនដូចជា ទូរស័ព្ទ កុំព្យូទ័រ និងយានយន្ត ដែលបន្ទះឈីបត្រូវបានប្រើរហូតដល់ការផលិតមិនអាចឆ្លើយតបទាន់ពេលទៅនឹងតម្រូវការបាន។ បច្ចុប្បន្ននេះក្រុមហ៊ុនបច្ចេកទេសសហរដ្ឋអាមេរិកកំពុងឈានមុខគេក្នុងការអភិវឌ្ឍបច្ចេកវិទ្យាបន្ទះឈីបថ្មី និងផ្គត់ផ្គង់ដល់ប្រទេសជាច្រើនដូចជាបណ្តាប្រទេសអាស៊ីដែលជាអ្នកទិញផលិតផលសម្រេចផងដែរ។


២. កង្វះវត្ថុធាតុដើម: ពេលខ្លះអ្នកផ្គត់ផ្គង់មិនអាចទទួលបានវត្ថុធាតុដើមគ្រប់គ្រាន់តាមតម្រូវការដែលមនុស្សត្រូវការ។ ពេលខ្លះមានការខ្វះខាតជាសកលនៃធាតុផ្សំសំខាន់ៗដូចជា សារធាតុលីធ្យូមដែលជាធាតុធ្វើឱ្យពិបាកក្នុងការទទួលបានការផ្គត់ផ្គង់បំពេញឱ្យរួចរាល់សម្រាប់រថយន្ត។ នេះប្រហែលជាហេតុផលមួយដែលទាក់ទងនឹងបច្ចេកវិទ្យា ប៉ុន្តែយ៉ាងហោចណាស់វានឹងត្រឡប់មកសភាពដើមវិញឆាប់ៗនេះ។


៣. កង្វះកម្លាំងពលកម្មនៅតាមបណ្តារោងចក្រជុំវិញពិភពលោកដោយសារកូវីដ១៩: ជំងឺរាតត្បាតនេះបានរំខានដល់ទីផ្សារការងារយ៉ាងខ្លាំង។ ក្នុងកំឡុងពេលមានជំងឺរាតត្បាតនេះ ការធ្វើការពីផ្ទះបានបន្ត ខណៈពេលដែលការងារដែលត្រូវការធ្វើដោយផ្ទាល់ភាគច្រើនពន្យាពេល។ ហានិភ័យខ្ពស់នៃជំងឺ Covid-19 បានធ្វើឱ្យការងារខ្លះមានការធ្លាក់ចុះដោយការកាត់បន្ថយបុគ្គលិក រួមនឹងការជួបប្រទះការលំបាកអំពីប្រាក់ចំណូល និងប្រាក់ខែ។


៤- ការកើនឡើងនៃថ្លៃដឹកជញ្ជូននៅទូទាំងពិភពលោកដោយសារកង្វះកុងតឺន័រ: វិស័យឧស្សាហកម្មដឹកជញ្ជូនទូទាំងពិភពលោកកំពុងជួបប្រទះកង្វះខាតកុងតឺន័រដែលបណ្តាលមកពីCovid-19។ ថ្លៃដើមនៃការដឹកជញ្ជូនទំនិញតាមកប៉ាល់បានកើនឡើងទ្វេដងចាប់តាំងពីដើមឆ្នាំ ២០២១។ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនដឹកជញ្ជូនទំនិញ ការកើនឡើងសរុបក្នុងរយៈពេល១២ខែកន្លងមកនេះកើនដល់ 526%។


ហេតុផលទាំងនេះមិនត្រឹមតែប៉ះពាល់ដល់ប្រទេសកម្ពុជានោះទេ វាកំពុងជះឥទ្ធិពលដល់ពិភពលោកទាំងមូល ក៏ប៉ុន្តែតាមរយៈការកក់ទិញរថយន្តរបស់លោកអ្នកពីពេលនេះនឹងមានឱកាសទទួលបានកាន់តែលឿនក្នុងពេលឆាប់ៗខាងមុខនេះ។
- Share This Post:






