សិល្បៈ

សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតរំលែកទុក្ខ ចំពោះមរណភាពឪពុកបង្កើតរបស់ តារាចម្រៀង ករុណា ពេជ្រ

BY
Khmernote Media
October 16, 2021

កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើលិខិតរំលែកទុក្ខ ចំពោះមរណភាពឪពុកបង្កើតរបស់ តារាចម្រៀង ប្រចាំផលិតកម្មទីក្រុងភាពយន្ត ថោន លោក ករុណា ពេជ្រ ដែលបានទទួលមរណភាព នាពេលថ្មីៗនេះ។

តាមរយៈលិខិតរំលែកទុក្ខនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំនិងភរិយា សូមសម្តែងនូវការសោកស្តាយ ដោយក្តីស្រណោះអាឡោះអាល័យ ចំពោះការបាត់បង់ឧបាសក ម៉ុក សាខន ដែលជាការបាត់បង់នូវឪពុក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ដ៏ជ្រាលជ្រៅ ចំពោះកូន និងចៅជាទីស្រឡាញ់»។

ក្នុងនោះដែរបើតាមគណនី Facebook ផ្លូវការរបស់លោក ករុណា ពេជ្រ ផ្ទាល់ក៏បានបង្ហោះសារបញ្ជាក់ពីការទទួលមរណភាពរបស់ឪពុកលោក ដោយបានសរសេរសារថា «ប៉ាខ្ញុំទៅចោលខ្ញុំហើយ សូមប៉ា ទៅអោយសុខ។ បើមានជាតិក្រោយ កូនសុំកើតជាកូនប៉ាទៀត ហើយស្ថិតក្នុងគ្រួសារមួយ ដែលពោរពេញដោយសុភមង្គល ណាប៉ាណា…»។ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ឪពុករបស់លោក ក៏បានទទួលមរណភាព និងមានមិត្តសិល្បៈរួមអាជីពជាបន្តបន្ទាប់ បានសម្តែងការចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារលោក ករុណា ពេជ្រ ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់យ៉ាងធំធេងក្នុងគ្រួសារ៕

Share This Post: