ក្រុមហ៊ុនបច្ចេកវិទ្យា Apple បានដាក់លក់ក្រណាត់សម្រាប់ជូតឧបករណ៍អេឡិចត្រូនិច នៅក្នុងតម្លៃ ១៩ ដុល្លារអាមេរិក
- BY
- autoadmin
- October 20, 2021
បើតាមការចុះផ្សាយរបស់សារព័ត៌មានបច្ចេកវិទ្យា MacRumors បានរាយការណ៍ថា ក្រុមហ៊ុន Apple បានដាក់បង្ហាញនូវក្រណាត់ជូតមួយប្រភេទ ឬហៅថា Polishing Cloth ដែលមានតម្លៃ ១៩ដុល្លារ ហើយក្រណាត់នេះផងដែរ គឺចេញមកដំណាលគ្នាជាមួយ MacBook Pro ស៊េរីថ្មីទំហំ 14 និង 16 អ៊ីញ ផ្ទាល់តែម្ដង។ វាគឺជាក្រណាត់ជូត ដែលសាកសមបំផុតសម្រាប់ឧបករណ៍របស់ Apple ព្រោះថាវាផលិតពី «វត្ថុធាតុទន់ មិនមានកម្ទេចសរសៃ» ហើយក៏ល្អសម្រាប់កញ្ចក់ nano-texture របស់ក្បាលម៉ូនីទ័រ Pro Display XDR ។ វាក៏ស័ក្តិសមសម្រាប់ប្រើជាមួយអេក្រង់ខ្នាតតូច LED របស់ MacBook Pro ស៊េរីថ្មី និងគ្រប់ស្មាតហ្វូន iPhone, iPads និង Macs ។

យ៉ាងណាក៏ដោយ ក្រណាត់ជូតមួយនេះមិនទាន់មានលក់នៅតាមទីផ្សារនៅឡើយទេ ដោយយើងអាចបញ្ជាត្រឹមទិញតាមរយៈវេបសាយរបស់ក្រុមហ៊ុន Apple តែប៉ុណ្ណោះ ហើយអតិថិជននឹងត្រូវរង់ចាំរហូតដល់ថ្ងៃទី១៨ ទៅ ២៤ ខែវិច្ឆិកា ឯណោះ។ ក្រុមហ៊ុន Apple បានណែនាំឱ្យអ្នកប្រើប្រាស់ឧបករណ៍របស់ខ្លួន ប្រើប្រាស់ក្រណាត់ដែលគ្មានសរសៃរឹង ដើម្បីសម្អាតធម្មតាលើឧបករណ៍របស់ពួកគេ ហើយត្រូវប្រើអាល់កុលអ៊ីសូប្រូភីល ៧០% បន្ថែមទៀតដើម្បីផ្សើមក្រណាត់ សម្រាប់ការសម្អាតជ្រៅៗ និងពេញលេញ។ ទីតាំងដែលអាចបញ្ជាទិញក្រណាត់ Polishing Cloth ទំនងជានឹងចេញមកដំណាលគ្នាជាមួយការបង្ហាញ MacBook Pro នៅសប្ដាហ៍ក្រោយនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ MacRumors
- Share This Post:






