ក្រសួងសុខាភិបាល អនុញ្ញាតឱ្យប្រើប្រាស់ឱសថព្យាបាលជំងឺកូវីដ១៩ Molnupiravir ក្នុងលក្ខខណ្ឌបន្ទាន់
រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងសុខាភិបាល បានអនុញ្ញាតឲ្យប្រើប្រាស់ឱសថព្យាបាលជំងឺកូវីដ១៩ ឈ្មោះ Molnupiravir ក្នុងលក្ខខណ្ឌបន្ទាន់ ។

ឱសថព្យាបាលជំងឺកូវីដ១៩ ឈ្មោះ Molnupiravir គុណភាពព្យាបាល ដែលជាប្រភេទឱសថគ្រាប់ ប្រើតាមមាត់ប្រឆាំងនឹងមេរោគកូវីដ-១៩ (Antiviral) ដែលមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ។ ឱសថ Molnupiravir នេះផលិតដោយក្រុមហ៊ុន Mylan Laboratories Limited ដែលមានមូលដ្ឋាននៅក្នុងប្រទេសឥណ្ឌា។
សម្រាប់លក្ខខណ្ឌនៃការប្រើប្រាស់ឱសថនេះ គឺប្រើតែក្នុងអំឡុងពេលគ្រោះអាសន្នសុខភាពសាធារណៈនៃជំងឺកូវីដ-១៩ ដែលកំពុងកើតមាន និងជាជម្រើសនៃការព្យាបាល ដែលស្ថិតក្រោមការស្រាវជ្រាវ និងវាយតម្លៃ និងប្រើក្រោមអាទិភាពរបស់រាជរដ្ឋាភិបាល ដូចមានចែងក្នុងផែនការដាក់ពង្រាយឱសថជាតិបច្ចុប្បន្ន និងក្រុមមនុស្សអាទិភាព៕


