PR

ធនាគារ ព្រីនស៍ បានចូលរួមវិនិយោគទឹកប្រាក់ចំនួន 15 លានដុល្លារអាមេរិក លើការចេញសញ្ញាបណ្ណមានបុគ្គលធានា (Guaranteed Bond) ក្នុងគម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

BY
Liny Chan
November 4, 2021
[ភ្នំពេញ, ថ្ងៃពុធ ទី03 ខែវិច្ឆិកា ឆ្នាំ2021] ធនាគារ ព្រីនស៍ ម.ក បានវិនិយោគទឹកប្រាក់ចំនួន 15 លានដុល្លារអាមេរិកលើសញ្ញាបណ្ណសាជីវកម្មឯកជនរបស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី (NPPIA) ដែលចេញដោយក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) សម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ។

អាកាសយានដ្ឋានថ្មីនេះ មានទីតាំងស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ នៅក្នុងទីរួមខេត្តកណ្តាល ដែលមានផ្ទៃក្រឡាលាតសន្ធឹងនៅលើផ្ទៃដីជាង2600ហិកតា។ បន្ទាប់ពីបញ្ចប់ការសាងសង់ជាស្ថាពរ អាកាសយានដ្ឋានថ្មីនេះនឹងក្លាយជាអាកាសយានដ្ឋានដ៏ធំជាងគេទីប្រាំបួននៅលើពិភពលោក និងជាអាកាសយានដ្ឋានដ៏សំខាន់មួយរបស់ទីក្រុងភ្នំពេញដែលនឹងមកជំនួសឱ្យអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចាស់។

ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា។ សម្រាប់គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានទទួលសិទ្ធិសម្បទានផ្តាច់មុខលើអាកាសយានដ្ឋាននេះ ដែលរួមមាន៖ សិទ្ធិកម្មសិទ្ធិ ការរចនា ការសាងសង់ ហិរញ្ញប្បទាន ប្រតិបត្តិការ ការថែទាំ និងការគ្រប់គ្រងគម្រោងជាដើម។

លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិ និងជានាយកគ្រប់គ្រងនៃ ធនាគារ ព្រីនស៍ ម.ក បានមានប្រសាសន៍ថា៖ “យើងពិតជាមានសេចក្តីសោមនស្ស និងមានកិត្តិយសខ្លាំងណាស់ដែលបានក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ដ៏សំខាន់នេះសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងគម្រោងនេះផងដែរវាពិតជាធ្វើឱ្យការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជាមានការរីកចម្រើន ហើយអាចជាកំលាំងចលករមួយក្នុងការគាំទ្រ និងជំរុញដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងេយៈពេលប៉ុន្មានឆ្នាំខាងមុខនេះផងដែរ បន្ថែមពីនេះវាក៏ជាការសម្រេចចិត្តដ៏មានប្រសិទ្ធភាពមួយដែលធនាគារ ព្រីនស៍បានក្លាយជាដៃគូវិនិយោគ ជាមួយក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា ដែលជាក្រុមហ៊ុនទទួល

បានការជឿទុកចិត្ត និងជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលបានបង្កើតប្រតិបត្តិការអាជីវកម្មរបស់ខ្លួនយូរជាងគេនៅកម្ពុជា។
លោក ហ៊ន់ សុរចនា បានបន្ថែមទៀតថា៖ ការចូលរួមនេះផងដែរ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងប្រទេសជាតិដោយប្រយោល ដើម្បីជំរុញសេដ្ឋកិច្ចតាមរយៈការផ្តល់នូវជំនួយដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនានា ហើយជាក់ស្តែង យើងក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រដល់តម្រូវការហិរញ្ញវត្ថុរបស់អតិថិជនរបស់យើងលើគ្រប់វិស័យ មិនថាពួកគេជាអតិថិជនបុគ្គល អតិថិជនសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា និងក្រុមហ៊ុនធំៗ ដូចជាក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC)ជាដើម ដើម្បីបំពេញនូវតម្រូវការហិរញ្ញវត្ថុរបស់ពួកគេឱ្យកាន់តែប្រសើរ ។

ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់អ្នកឧកញ៉ា បណ្ឌិត ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) និងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) និងលោក ហ្គុយ ឆាយ អនុប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ ព្រីនស៍ ម.ក ក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) និង ធនាគារ ព្រីនស៍ ផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអំពីធនាគារ ព្រីនស៍ ម.ក សូមចូលទៅកាន់គេហទំព័ររបស់យើងតាមរយៈ https://www.princebank.com.kh/ ឬចូលទៅកាន់ឆាណែល Telegram ផ្លូវការរបស់យើងតាម https://t.me/Princebankproducts ដើម្បីព័ត៌មានថ្មីៗ និងព័ត៌មានលម្អិតអំពីផលិតផល ឬ ប្រូម៉ូសិន(ការផ្សព្វផ្សាយ)នានា។

អំពីធនាគារ ព្រីនស៍ ម.ក

ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ2015 ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ដែលមានឈ្មោះចាស់ថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបតិ្តការធនាគារលេខធ46 ពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី18 ខែកក្កដា ឆ្នាំ2018។ ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រកបដោយជំនាញច្បាស់លាស់ និងការយល់ដឹងយ៉ាងទូលំ

ទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារ ព្រីនស៍ ម.ក មានភាពជឿជាក់ក្នុងការក្លាយជាគ្រឹះស្ថានឈានមុខក្នុងវិស័យធនាគារ ដោយផ្តល់ដំណោះស្រាយហិរញ្ញវត្ថុច្រើនជម្រើស និងសម្បូរបែបដល់អតិថិជនរបស់យើង តាមរយៈសេវាកម្ម និងផលិតផលជាច្រើនប្រភេទ ដែលប្រកបដោយភាពងាយស្រួល និងបទពិសោធន៍ដ៏ល្អឥតខ្ចោះ ជូនអតិថិជនរបស់យើង។ យើងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកដ៏សំខាន់មួយនៃអតិថិជនគោលដៅរបស់យើង។ បច្ចុប្បន្ននេះយើងមានសាខាចំនួន 32 និងទីតាំងអេធីអឹមចំនួន 70 នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

Share This Post: