រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសជូនដំណឹងពីការបញ្ចៀសចរាចរជាបណ្ដោះអាសន្នលើផ្លូវ៣០ម៉ែត្រ នៅថ្ងៃទី០៨ ខែវិច្ឆិកា
រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្ដីការថ្មីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ពីម៉ោង ០៥៖០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។

រដ្ឋបាលរាជធានី សូមជម្រាបជូនដំណឹងដល់បងប្អូនទាំងអស់ក្នុងរាជធានីភ្នំពេញ ឲ្យបានជ្រាបថា នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៦៖០០នាទីព្រឹក ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់នឹងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការថ្មីរបស់ក្រសួង ដែលស្ថិតនៅផ្លូវ ៣០ម៉ែត្រ ស្របប្រឡាយមេខាងជើង (ចន្លោះផ្លូវលេខ១០០៣ ដល់មហាវិថីឈ្នះឈ្នះ) ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាពខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ដើម្បីឲ្យកម្មវិធីខាងលើប្រព្រឹត្តដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់ផ្លូវ ៣០ម៉ែត្រ ស្របប្រឡាយមេខាងជើង នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ពីម៉ោង ០៥៖០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់យានយន្តគ្រប់ប្រភេទ មេត្តាជ្រាប និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់តាមទីតាំង និងកាលបរិច្ឆេទខាងលើដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្ដោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ និងចាត់តាំងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ