បុរសជនជាតិចិនម្នាក់អះអាងថា ត្រូវគេឆបោកពីប្រទេសចិន ឱ្យមកធ្វើការនៅប្រទេសកម្ពុជា និងបិទសិទ្ធិសេរីភាព ត្រូវបានកម្លាំងជំនាញនគរបាលខេត្តពោធិ៍សាត់ ជួយសង្គ្រោះបានដោយជោគជ័យ
ខេត្តពោធិ៍សាត់៖ ក្រុមការងារប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានពិនិត្យឃើញមានជនជាតិចិនម្នាក់ដែលបានអះអាងថា ត្រូវបានជនជាតិចិនដូចគ្នា ឆបោកពីប្រទេសចិន ឱ្យមកបម្រើការងារដោយខុសច្បាប់នៅក្រុមហ៊ុន Internet Investment Park នៅខេត្តពោធិ៍សាត់ ដែលនៅទីនោះមានការគំរាមកំហែង និងបិទសិទ្ធិសេរីភាពទៀតផង ហើយបុរសជនជាតិចិនរូបនេះ បានផ្ញើសារចូលក្នុងគេហទំព័រ facebook ផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានខ្លឹមសារដូចខាងក្រោម៖

(បកប្រែក្រៅផ្លូវការ)
សួស្តីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្ញុំគឺជាជនជាតិចិនម្នាក់ ត្រូវបានគេឆបោកពីប្រទេសចិន ឲ្យមកធ្វើការនៅក្រុមហ៊ុនវិនិយោគផ្នែកអ៊ីនធឺណិត (Internet Investment Park) នៅខេត្តពោធិ៍សាត់។ នៅទីនេះ មានគេឱ្យខ្ញុំកុហកអ្នកដទៃ ប៉ុន្តែខ្ញុំខ្លាចមិនហ៊ាននិយាយនោះទេ។ ខ្ញុំបានព្យាយាមស្វែងរកការសង្គ្រោះដោយសម្ងាត់ អស់រយៈពេលជាង ២ខែមកហើយ ប៉ុន្តែពុំទាន់មានដំណឹងនោះឡើយ។ បច្ចុប្បន្ន ខ្ញុំមានជំងឺធ្ងន់ធ្ងរ និងពុំអាចទៅធ្វើការបាននោះទេ ខ្ញុំបាត់បង់តម្លៃសម្រាប់ពួកគេហើយ ។ មនុស្សម្នាក់អ្នកដែលធ្លាប់បានកុហកខ្ញុំនោះ និយាយថានឹងលក់ខ្ញុំឱ្យទៅអ្នកដទៃ …ខ្ញុំខ្លាចខ្លាំងណាស់ និងគ្មានជំនួយទេ។ ខ្ញុំសង្ឃឹមថា សម្ដេច អាចជួយសង្គ្រោះខ្ញុំបាន។
បន្ទាប់ពីបានទទួលព័ត៌មាននេះក្រុមការងារប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើចំណាត់ការករណីនេះជូនក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដើម្បីជាសមត្ថកិច្ចក្នុងការអនុវត្តជំនាញ។
យោងតាមរបាយការណ៍បឋមពីក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត បានចុះទៅពិនិត្យផ្ទាល់ និងធ្វើការបំពេញនីតិវិធីជំនាញពាក់ពន្ធ័ ព្រមទាំងធ្វើការប្រគល់-ទទួលយកជនរងគ្រោះ ជាជនជាតិចិន ម្នាក់ឈ្មោះ Xiong Liqiang អាយុ ២៣ឆ្នាំ នៅចំណុចក្នុងតំបន់សេដ្ឋកិច្ចពិសេសថ្មដា ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
ក្នុងកិច្ចប្រតិបត្តិការខាងលើ មានការសម្របសម្រួល និងចូលរួមដោយលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ និងបុគ្គលតំណាងក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសផងដែរ។ ជនរងគ្រោះខាងលើ ត្រូវបានប្រគល់ជូនជំនាញផែនការងារអន្តោប្រវេសន៍ ដើម្បីអនុវត្តវិធានការជំនាញស្របតាមនីតិវិធី ៕





ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ