PR

ធនាគារ ABA ចាប់ដៃគូជាមួយ CGCC ដើម្បីផ្ដល់ការគាំទ្រកម្ចីបន្ថែមដល់បណ្ដាអាជីវកម្ម

BY
Liny Chan
November 11, 2021

ធនាគារ ABA ជាធនាគារពាណិជ្ជឈានមុខក្នុងប្រទេសកម្ពុជា និងសាជីវកម្មធានាឥណទានកម្ពុជា(CGCC) ជាសហគ្រាសសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើពិធីចុះហត្ថលេខាជាផ្លូវការ លើកិច្ចព្រមព្រៀងធានាឥណទានកាលពីថ្ងៃទី 11 ខែវិច្ឆិកា ឆ្នាំ 2021។ ក្រោមកិច្ចព្រមព្រៀងនេះ ធនាគារ ABA នឹងផ្ដល់ប្រាក់កម្ចីដែលធានាដោយ CGCC ដើម្បីគាំទ្រដល់បណ្ដាសហគ្រាសមីក្រូ, សហគ្រាសធុនតូច និងមធ្យម និងសាជីវកម្មធំៗក្នុងប្រទេសកម្ពុជាក្នុងការពង្រីកអាជីវកម្ម ការវិនិយោគ និងសម្រាប់ជាទុនបង្វិល។

ភាពជាដៃគូនេះ អាចឲ្យធនាគារ ABA គាំទ្រ និងជួយដល់អាជីវកម្មដែលមានលទ្ធភាពបង់សង តែខ្វះទ្រព្យតម្កល់នៅពេលស្នើសុំប្រាក់កម្ចី ដោយប្រើប្រាស់គម្រោងធានាឥណទានរបស់ CGCC។ តាមរយៈកិច្ចព្រមព្រៀងនេះ ធនាគារ ABA អាចជួយអាជីវកម្មជាច្រើន ជាពិសេសអាជីវកម្មខ្នាតតូច និងមធ្យម ដោយផ្ដល់ជូនពួកគេនូវកម្មវិធីដែលអាចទទួលបាន និងកាន់តែរហ័ស ថែមទាំងទទួលបានកម្ចីខ្ពស់ទៅលើវិស័យដែលជាអាទិភាព។

លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA មានប្រសាសន៍ថា៖ “សហគ្រាសធុនតូច និងមធ្យមដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ និងជាគោលដៅរបស់គ្រឹះស្ថានហិរញ្ញវត្ថុកម្ពុជា។ ដោយសារការគ្រប់គ្រងបទប្បញ្ញត្តិ និងហានិភ័យ ធនាគារតម្រូវឲ្យអ្នកដែលមានបំណងខ្ចីប្រាក់ត្រូវគោរពតាមបញ្ជីលក្ខណវិនិច្ឆ័យ រួមមានប្រវត្តិឥណទាន ស្ថានភាពហិរញ្ញវត្ថុ និងទ្រព្យតម្កល់។មិនមែនគ្រប់អាជីវកម្ម សុទ្ធតែអាចបំពេញតាមលក្ខណវិនិច្ឆ័យទាំងនេះទេ ខណៈដែលការរីករាលដាលជាសកលនៃជំងឺកូវីដ 19 បានធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មកាន់តែច្រើន។ គម្រោងធានាឥណទាន ត្រូវបានផ្ដួចផ្ដើមឡើងដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្ដល់ជាយន្ដការចែករំលែកហានិភ័យរវាងធនាគារ ABA និង CGCC ដែលបណ្ដាអាជីវកម្មមិនគ្រប់លក្ខណវិនិច្ឆ័យក្នុងការខ្ចីប្រាក់ នៅតែអាចស្នើសុំខ្ចីបានពីធនាគារ ABA បាន។ ធនាគារនឹងពិចារណាលើសំណើទាំងនោះដោយផ្អែកលើគោលនយោបាយឥណទាន របស់ខ្លួន និងការវាយតម្លៃសំណើកម្ចី ខណៈដែលយើងផ្ដល់អាទិភាពចម្បងលើវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម។”

លោកបន្ថែមទៀតថា៖ “យើងខ្ញុំ នៅធនាគារ ABA ចាប់ដៃគូជាមួយ CGCC ក្នុងការផ្តល់ជូនបណ្ដាអាជីវកម្មធុនតូច និងមធ្យមជាមួយនឹងការស្នើសុំកម្ចីកាន់តែងាយស្រួលជាងមុន និងដើម្បីបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តរបស់យើងខ្ញុំ ក្នុងការផ្ដល់អត្ថប្រយោជន៍ដល់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាដែលស្របនឹងបេសកកម្ម និងគុណតម្លៃសាជីវកម្មរបស់យើង។”

លោក Wong Keet Loong នាយកប្រតិបត្តិ CGCC បានបញ្ជាក់ថា៖ “CGCC ត្រូវបានបង្កើតឡើងក្នុង គោលបំណងបង្កើនកំណើនប្រាក់កម្ចីក្នុងវិស័យធនាគារ។ ជាមួយគម្រោងធានាឥណទាន គ្រឹះស្ថានហិរញ្ញវត្ថុអាចផ្ដល់កម្ចីកម្រិតខ្ពស់ជាងមុន។ ខណៈដែលសេដ្ឋកិច្ចកំពុងបើកដំណើរការឡើងវិញម្ដងទៀត តម្រូវការប្រាក់កម្ចីពីសហគ្រាសធុនតូច និងមធ្យមដើម្បីពង្រីកអាជីវកម្មកាន់តែមានការកើនឡើង។”

លោកបន្ថែមទៀតថា៖ “សេវាធានាឥណទានរបស់ CGCC នឹងដើរតួជាផ្នែកមួយនៃទ្រព្យតម្កល់សម្រាប់កម្ចី ធនាគារ ដូច្នេះវាជួយកាត់បន្ថយទ្រព្យតម្កល់ដែលតម្រូវពីអ្នកខ្ចី។ ធនាគារ ABA ដែលជាធនាគារ លំដាប់កំពូលមួយ មានកំណើនកម្ចីរឹងមាំ និងមានបណ្ដាញសាខាទូលំទូលាយ នឹងក្លាយជាយុទ្ធសាស្រ្ដ របស់យើងក្នុងការសម្រេចគោលបំណងនេះ។ យើងសង្ឃឹមថា ភាពជាដៃគូនេះនឹងជួយដល់សហគ្រាស ធុនតូច និងមធ្យមជាច្រើនបន្ថែមទៀត។”

ក្នុងខែ មីនា ឆ្នាំ 2021 CGCC បានដាក់ឲ្យដំណើរការគម្រោងឥណទានទី 1 ហៅថា គម្រោងធានា ឥណទានដើម្បីស្ដារអាជីវកម្ម (BRGS) ដែលមានទឹកប្រាក់សរុប 200 លានដុល្លារអាមេរិក ដើម្បីទ្រទង់ ដល់គ្រប់អាជីវកម្ម រួមមាន អាជីវកម្មខ្នាតមីក្រូ ខ្នាតតូច និងមធ្យម និងសាជីវកម្មធំៗ ក្នុងការដំណើរការ ស្នើសុំកម្ចីកាន់តែងាយស្រួល ពីស្ថាប័នហិរញ្ញវត្ថុចូលរួម (PFIs)។ ដើម្បីពង្រីកការគាំទ្រដល់សហគ្រាស ធុនតូច និងមធ្យម គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន(CFGS) ដែលជាគម្រោងធានា ឥណទានទី 2 ត្រូវបានដាក់ដំណើរការក្នុងខែ កញ្ញា ឆ្នាំ 2021 សម្រាប់ធានាដល់ឥណទានកម្រោងគម្រោងសហហិរញ្ញប្បទាន ជំហានទី 2។ ក្រោមកិច្ចព្រមព្រៀងនេះ ធនាគារ ABA ក្លាយជាគ្រឹះស្ថានមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមទាំង 19 ដែលបានប្ដេជ្ញាផ្ដល់ភាពងាយស្រួលដល់ដំណើរការទទួលកម្ចី សម្រាប់អាជីវកម្មដែលរងផលប៉ះពាល់ខ្លាំងដោយមេរោគកូវីដ 19។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងសេវាកម្មដែលផ្ដល់ជូនដោយ CGCC និង ABA សូមទូរស័ព្ទមកកាន់ 023 722 123 សម្រាប់ CGCC ឬ 023 225 333 សម្រាប់ ABA។

អំពីធនាគារ ABA
ធនាគារ ABA គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនឈានមុខមួយនៅកម្ពុជា។ គិតត្រឹមថ្ងៃទី 30 ខែ កញ្ញា 2021 ធនាគារមានទ្រព្យសកម្មជាង 7.5 ប៊ីលានដុល្លារ។ ជាមួយសាខា 79 ម៉ាស៊ីនស្វ័យសេវាជាង 600 ទូទាំងប្រទេស ជាមួយសេវាធនាគារអនឡាញឈានមុខ និងសេវាធនាគារតាមទូរស័ព្ទ ធនាគារ ABA ផ្តល់សេវា ជូនអតិថិជនជាច្រើនជាមួយបណ្ដាសេវាសម្បូរបែបរបស់ខ្លួន។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វិបសាយ៖ www.ababank.com

ABA គឺជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុ មានទ្រព្យសកម្មជាង 283 ប៊ីលានដុល្លារ គិតត្រឹមថ្ងៃទី 31 ខែកក្កដា 2021។ ដោយមានស្នាក់ការកណ្តាលស្ថិតនៅទីក្រុងម៉ុងរ៉េអាល់ ធនាគារជាតិកាណាដាបានពង្រីកសាខានៅស្ទើរតែគ្រប់ខេត្ត នៃប្រទេសជាមួយនឹងអតិថិជនក្នុងដៃ 2.7 លាននាក់។ ជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេលំដាប់ទី 6 ក្នុងប្រទេសកាណាដា និងនាំមុខគេនៅកេប៊ិច ធនាគារជាតិកាណាដា ជាជម្រើសនៃបណ្ដាសហគ្រាសធុនតុច និងមធ្យមនានានៅទីនោះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វិបសាយ៖ www.nbc.ca។

អំពី CGCC
CGCC គឺជាសាជីវកម្មធានាឥណទានដំបូងបង្អស់របស់កម្ពុជា និងជាសហគ្រាសសាធារណៈ ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់ CGCC គឺផ្ដល់ការធានាឥណទានដល់ស្ថាប័នហិរញ្ញវត្ថុចូលរួម (PFIs) ដើម្បីគាំទ្រ និងទ្រទ្រង់ដល់អាជីវកម្មដែលមានលទ្ធភាពសងតែខ្វះទ្រព្យតម្កល់ពេលស្នើសុំប្រាក់កម្ចី។
ម្ចាស់អាជីវកម្មដែលមានសញ្ជាតិខ្មែរ (កាន់កាប់ភាគហ៊ុនលើសពី 50%) រួមទាំងសហគ្រាសធុនតូច និងមធ្យម ត្រូវបានលើកទឹកចិត្តក្នុងការដាក់ស្នើកម្ចីមានការធានាពីធនាគារ ABA ដោយចូលទៅកាន់ www.ababank.comwww.cgcc.com.kh សម្រាប់ព័ត៌មានបន្ថែម។

គិតត្រឹមថ្ងៃទី 08 ខែ វិច្ឆិកា 2021 សាជីវកម្មធានាឥណទានកម្ពុជា(CGCC) បានផ្ដល់ការធានាលើកម្ចីដល់អាជីវកម្មជាង 126 ដែលគិតជាទឹកប្រាក់ជាង 16 លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះផងដែរ ការធានាលើកម្ចីភាគច្រើនបំផុត ត្រូវបានផ្ដល់ជូនទៅសហគ្រាសធុនតូន និងមធ្យម ស្មើនឹង94% នៃចំនួនអាជីវកម្មសរុបដែលបានទទួលការធានាពី CGCC។

Share This Post: