រំភើបណាស់! កម្ពុជា ទទួលបានមកវិញនូវវត្ថុបុរាណខ្មែរចំនួន ៤រូប ពីសារមន្ទីរសិល្បៈ Denver នៅសហរដ្ឋអាមេរិក
រាជធានីភ្នំពេញ៖ យោងតាមសេចក្តីជូនព័ត៌មានរបស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពីការទទួលបានមកវិញនូវវត្ថុបុរាណខ្មែរចំនួន៤រូប ពីសារមន្ទីរសិល្បៈ Denver ដោយក្រសួងវប្បធម៌ សូមជម្រាបជូនសាធារណជនជ្រាបថា អនុលោមតាមអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក, វត្ថុបុរាណខ្មែរចំនួន ៤រូប នឹងត្រូវប្រគល់មកកម្ពុជាវិញនាពេលខាងមុខនេះ។

រដ្ឋាភិបាលអាមេរិក តាមរយៈការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងនៃទីក្រុងញូវយ៉ក និងការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិក បានដំណើរការក្ដីក្នុងតុលាការពាក់ព័ន្ធ នឹងសម្បត្តិវប្បធម៌ខ្មែរចំនួន ៤រូប ដែលត្រូវបានរឹបអូសពីសារមន្ទីរសិល្បៈ Denver នៅសហរដ្ឋអាមេរិក ។ វត្ថុបុរាណខ្មែរទាំង ៤នេះរួមមាន៖ ១.ចម្លាក់ព្រះនាងប្រាជ្ញាបារមិតា ២.ចម្លាក់ព្រះសូរ្យ ៣.ជួងសំរិទ្ធ ៤.ផ្តែរព្រះនារាយណ៍ផ្ទំ ៕




