ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្រស់បំព្រងឡើងវិញហើយ! ភូមិរំចេក ស្រុកបន្ទាយស្រី ដែលធ្លាប់តែមានដីហុយ និងពិបាកសូម្បីតែដកដង្ហើម ពេលនេះក្លាយជាផ្លូវបេតុង រុក្ខជាតិបៃតងនៅតាមដងផ្លូវ

    BY Khmernote Media November 12, 2021
    ស្រស់បំព្រងឡើងវិញហើយ! ភូមិរំចេក ស្រុកបន្ទាយស្រី ដែលធ្លាប់តែមានដីហុយ និងពិបាកសូម្បីតែដកដង្ហើម ពេលនេះក្លាយជាផ្លូវបេតុង រុក្ខជាតិបៃតងនៅតាមដងផ្លូវ

    ខេត្តសៀមរាប៖ យោងតាមគណនីហ្វេស ប៊ុកផ្ទាល់របស់ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា «បេតុង+បៃតង»៖អ្នកភូមិរំចេកមានផ្លូវបេតុងនឹងគេហើយ! ពិតមែនតែតូចបន្តិច ហើយត្រូវប្រើពេលច្រើនឆ្នាំទើបអាចមានថវិកាធ្វើចប់ តែនេះគឺជាចំណុចចាប់ផ្តើមមួយដ៏សំខាន់ក្នុងការផ្លាស់គុណភាពជីវិតរបស់អ្នកភូមិនៅតាមជនបទ។ កន្លែងដែលធ្លាប់តែមានដីហុយ និងពិបាកសូម្បីតែដកដង្ហើមនោះ បានប្រែក្លាយទៅជាទៅជាផ្លូវដ៏ស្រស់ស្អាតមួយ ហើយរុក្ខជាតិបៃតងនៅតាមដងផ្លូវ ដែលធ្លាប់តែមានពណ៌ស្រអាប់ក៏កំពុងតែវិលទៅរកសភាពដើមនៃធម្មជាតិស្រស់បំព្រងរបស់ខ្លួនវិញដែរ។

    ផ្លែផ្កានៃការរីកចម្រើន ដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងអស់ជាច្រើនឆ្នាំកន្លងមក បានធ្វើឱ្យគម្រោងបែបនេះអាចលេចចេញជារូបរាងបានជាលើកដំបូងនៅតាមទីជនបទ ជាពិសេស កំណើននៃកញ្ចប់ថវិកាអភិវឌ្ឍន៍ អនុញ្ញាតឱ្យអាជ្ញាធរមូលដ្ឋានចាប់ផ្តើមមានលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈដែលធន់នឹងការប្រែប្រួលអាកាសធាតុ អាចប្រើប្រាស់បានយូរអង្វែង និងមានភាពល្អប្រសើរជាងមុនដល់សុខភាពនៅក្នុងសហគមន៍ ក៏ដូចជាអំណោយផលដល់ការរៀបចំឱ្យមានបរិស្ថានស្អាតសម្រាប់បម្រើឱ្យវិស័យទេសចរណ៍ផងដែរ។ បូករួមទាំងឆ្នាំមុន ផ្លូវនេះមានប្រវែងប្រហែល១គីឡូម៉ែត្រហើយ មិនយូរទេនឹងអាចតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦៦តែម្តង ដែលនឹងផ្តល់ឱកាសថ្មីទៀតទៅដល់ចរន្តសេដ្ឋកិច្ចរបស់ភូមិ និងឃុំទាំងមូល។

    ខ្ញុំបានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋរក្សាភាពបៃតងនៅក្នុងភូមិ កុំកាប់ដើមឈើនៅតាមដងផ្លូវ ព្រមទាំងត្រូវចេះកេងយកចំណេញពីភាពស្រស់ស្អាតថ្មីនៃផ្លូវបេតុងមួយខ្សែនេះ ដោយរៀបចំតុបតែងលម្អបន្ថែមនៅតាមមុខផ្ទះ រៀបចំជារបង ដាំផ្កា និងបង្កើនសោភ័ណភាពជារួមនៅតាមដងផ្លូវ ឱ្យស័ក្តិសមនឹងសមិទ្ធិផលថ្មី និងដើម្បីប្រែក្លាយភូមិរំចេកឱ្យទៅជាភូមិដែលមានសក្តានុពលខាងផ្នែកទេសចរណ៍ជនបទ ហើយរដ្ឋបាលស្រុកក៏នឹងធ្វើការបំពាក់បន្ថែមអំពូលសូឡាជូនគ្រប់ផ្ទះទាំងអស់ដែលស្ថិតនៅតាមបណ្តោយដងផ្លូវថ្មីនេះនៅក្នុងពេលឆាប់ៗខាងមុខ ៕

    ប្រភព៖ ឃឹម ហ្វីណង់ – Khim Finan

    Share This Post: