មន្ទីរក្រសួងធនធានទឹកខេត្តពោធិ៍សាត់ ជូនដំណឹងពីកម្រិតទឹកស្ទឹងពោធិ៍សាត់ ឡើងដល់កម្រិតប្រកាសអាសន្នហើយ សូមពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់
ខេត្តពោធិ៍សាត់៖ យោងតាមសេចក្ដីជូនដំណឹងរបស់ មន្ទីរក្រសួងធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា កម្រិតទឹកស្ទឹងពោធិ៍សាត់ ឡើងដល់កម្រិតប្រកាសអាសន្នហើយ និងសូមពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់។

ដោយចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពជា នឹងទទួលឥទ្ធិពលពីជើងនូវទ្រនុងសម្ពាធខ្ពស់ចិនប្រសព្វនឹងជ្រលងសម្ពាធទាបប៉ាស៊ីហ្វិកទូលពីក្រោមឡើងលើ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពស់រាប រួមនឹងតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀង ផ្គរ រន្ទះ ក្នុងកម្រិតខ្សោយទៅច្រើន។ ជាក់ស្តែងនៅក្នុងខេត្តពោធិ៍សាត់ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ មានកំពស់ទឹកបានកើនឡើងក្នុងកម្រិតមួយដែលត្រូវប្រកាសអាសន្ន។
ដើម្បីត្រៀមលក្ខណៈការពារគ្រោះធម្មជាតិទឹកជំនន់តាមដងស្ទឹង ដែលអាចកើតមានក្នុងខេត្តពោធិ៍សាត់ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សូមជម្រាបថាបន្ទាប់ពីបានធ្វើការសង្កេតតាមដានលើស្ថានភាពអាកាសធាតុរួចមកឃើញថាមានភ្លៀងធ្លាក់ពីតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ ស្ទឹងធំ និងស្ទឹងព្រៃខ្លុង មានកំរិតខ្ពស់មកពីលើដងស្ទឹងពោធិ៍សាត់។ ឥទ្ធិពលនេះស្ទឹងខាងលើនេះ នឹងធ្វើឲ្យទឹកស្ទឹងពោធិ៍សាត់ មានសន្ទុះកើនឡើងបន្តបន្ទាប់ និងអាចបង្កឲ្យមានទឹកជំនន់នៅក្នុងខេត្តពោធិ៍សាត់។
យោងតាមស្ថានភាពអាកាសធាតុខាងលើ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សូមជម្រាបជូនដំណឹងដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ពិសេសប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាព សម្រាប់ជន្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះ ៕




ប្រភព៖ Pursat Provincial Hall