កម្ពុជា ជាប់ឈ្មោះជាប្រទេសដែលផ្ញើសារសំឡេងតាម Messenger Facebook ច្រើនជាងគេ
- BY
- autoadmin
- November 16, 2021
ដូចយើងដឹងស្រាប់ហើយថា Facebook គឺជាបណ្ដាញសង្គមដ៏មានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសកម្ពុជា ហើយពលរដ្ឋខ្មែរភាគច្រើនដែលចេះប្រើប្រាស់អ៉ីនធឺណេត គឺសុទ្ធតែជាអ្នកប្រើប្រាស់បណ្ដាញសង្គមមួយនេះ។ ជាការពិតណាស់ ក្រៅពីមានប្រជាប្រិយភាពខ្លាំងនៅក្នុងចំណោមពលរដ្ឋខ្មែរ តើអ្នកដឹងទេ? កាលពីឆ្នាំ២០១៨ សម្លេងផ្ញើសារនៅក្នុង Facebook Messenger រហូតដល់ទៅ ៥០% គឺចរាចរចេញពីអ្នកប្រើប្រាស់នៅកម្ពុជា នេះបើតាមឯកសាររបស់លោកស្រី Frances Haugen ដែលជាអ្នកផ្តល់ព័ត៌មាន និងជាអតីតអ្នកគ្រប់គ្រងផ្នែកផលិតរបស់ Facebook ។
ចំពោះមូលហេតុដែលសម្លេងសារ Facebook Messenger បានចរាចរចេញពីប្រទេសកម្ពុជាច្រើនជាងគេ គឺដោយសារភាពពិបាកនៃការសរសេរ ភាពស្មុគស្មាញនៃភាសា និងការប្រើប្រាស់បច្ចេកវិទ្យា ហើយដូចដែលយើងដឹងស្រាប់ហើយថា ការប្រើប្រាស់ Font ខ្មែរ ក៏មិនសូវមានភាពទូលំទូលាយនោះដែរ ដោយសារស្មាតហ្វូនមួយចំនួនពុំមាន Font ខ្មែរ ដោយអ្នកប្រើប្រាស់ត្រូវការបញ្ចូលវាបន្ថែមទៀត។ បើយោងតាមការស្រង់មតិនៅអំឡុងឆ្នាំជាមួយគ្នានោះបានឱ្យដឹងថា ពលរដ្ឋខ្មែរមានទំនោរផ្ញើសារជាសម្លេង ដោយសារវាងាយស្រួយឱ្យដឹងពីអារម្មណ៍អ្នកនិយាយ។ ម៉្យាងវិញទៀត ភាសាខ្មែរ មានព្យញ្ជនៈ ស្រៈ និងសញ្ញានានារហូតដល់ ៧៤តួ ដែលមានភាពស្មុគស្មាញក្នុងការវាយនៅលើទូរស័ព្ទ ដោយតម្រូវឲ្យប្រើប្រាស់ត្រូវមានក្តារចុច២ ហើយត្រូវផ្លាស់ប្តូរចុចទៅមក។ ដូច្នេះហើយទើបប្រជាជនខ្មែរជ្រើសយកការផ្ញើសារជាសម្លេង ជំនួសឲ្យការសរសេរជាអក្សរវិញ។
អត្ថបទ៖ លីដា
ប្រភព៖ Rest Of World
- Share This Post: