តន្ត្រី M-150 Extra Concert ផ្តើមផ្សាយផ្ទាល់នៅចុងសប្តាហ៍នេះដោយមានតារាចម្រៀងជួរមុខចូលរួម
- BY
- Liny Chan
- November 17, 2021
កម្មវិធីតន្ត្រីថ្មីសន្លាងមួយរបស់ភីអិនអិន M-150 Extra Concert នឹងផ្តើមដំណើរការផ្សាយផ្ទាល់លើកដំបូងនៅថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ពោលគឺនៅថ្ងៃសៅរ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតែម្តង។
ជាការពិតណាស់ ដូចដែលទស្សនិកជនបានដឹងរួចមកហើយសម្រាប់កម្មវិធីតន្ត្រីទាំងអស់ដែលមាននៅស្ថានីយទូរទស្សន៍ភីអិនអិនតែងតែដំណើរការផ្សាយនៅពេលល្ងាច និងពេលយប់។ ប៉ុន្តែដោយឡែកសម្រាប់តន្ត្រី M-150 Extra Concert នឹងមកអង្រួនអារម្មណ៍ទស្សនិកជននាវេលាម៉ោង ១១:០០ ព្រឹកវិញម្តង។

កម្មវិធីតន្ត្រីថ្មីសន្លាងមួយនេះនឹងបង្ហាញទស្សនីយភាពថ្មី ប្លែក ជាមួយតារាចម្រៀងដែលសុទ្ធសឹងតែមានឈ្មោះបោះសម្លេង ក្បាច់រាំថ្មី បទចម្រៀងពេញនិយម និងជាពិសេសទៀតនោះ ទស្សនិកជននឹងបានទស្សនាជាមួយការសម្តែងឈុតខ្លីៗទៅតាមអត្ថន័យនៃបទចម្រៀងផងដែរ។

មិនត្រឹមតែជួបជាមួយតារាចម្រៀងប្រុសស្រីល្បីៗប៉ុណ្ណោះទេ ទស្សនិកជននឹងបានទស្សនាជាមួយការរៀបចំតុបតែងលម្អរឆាកយ៉ាងត្រជាក់ភ្នែក អមទៅដោយភ្លើងចម្រុះពណ៍យ៉ាងស្រស់ស្អាត។
អ្វីដែលសំខាន់ទៀតនោះតារាបីដួងដែលនឹងមកគ្រងដំណែងជាពិធីករ ពិធីការនីក្នុងកម្មវិធីនេះរួមមាន លោក ប៉ែន ចំរ៉ុង កញ្ញា កែវ សីហា និង នាយ ព្រែក។ តារាទាំងបីដួងប៉ះគ្នាលើកនេះនឹងធ្វើអោយតន្ត្រី M-150 Extra Concert កាន់តែមានភាពសប្បាយរីករាយថែមមួយកម្រឹត។
សម្រាប់សប្តាហ៍ដំបូងនៃកម្មវីធីតន្ត្រី M-150 Extra Concert នឹងមានវត្តមានរបស់តារាចម្រៀងស្រីជួរមុខកញ្ញា មាស សុខសោភា ដែលជាតារាស្រីមានសម្លេងផ្អែមស្រទន់ អាចបកស្រាយបទបចម្រៀងបានគ្រប់ទម្រង់ មានទាំងបទចម្រៀងពីដើម បទចម្រៀងសម័យ បទញាក់ មនោសញ្ចេតនាជាដើម។ នៅថ្ងៃដំណើរការកម្មវិធីដំបូងនេះដែរ កញ្ញានឹងសម្រឹតសម្រាំងលើកយកបទចម្រៀងដែលទទួលបានការគាំទ្រខ្លាំងមកកំដរអារម្មណ៍ទស្សនិកជនមិនអោយខកបំណងឡើយ។
នៅមិនទាន់អស់នៅឡើយ តារាចម្រៀងពីរដួងទៀតក៏មានវត្តមានរួមគ្នាផងដែរនៅថ្ងៃដ៏ពិសេសនេះគឺលោក គង់ ចំរើន និងកញ្ញា ឈិន រតនៈ។ មិនត្រឹមតែប៉ុណ្ណោះពីកម្មវិធីក៏បានអញ្ជើញក្រុមចម្រៀងយក្សភ្លោះមកបកស្រាយបទចម្រៀង ក៏ដូចជាមានការសម្តែងពិសេសផងដែរ។





ទស្សនីយភាពរីករាយទាំងនេះនឹងមកជួបទស្សនិកជននៅថ្ងៃសៅរ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១១:០០ ព្រឹកតទៅជាមួយការផ្សាយផ្ទាល់កម្មវិធីតន្ត្រី M-150 Extra Concert នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន តែមួយគត់៕
ទស្សនាវីដេអូខ្លីសូមចុច៖
- Share This Post:






